សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

អាហារ​ប៉ូវ​ខួរក្បាល

Posted by phearykh ​នៅ ខែកក្កដា 16, 2008

អាហារ​ប៉ូវ​ខួរក្បាល

ខួរ​ក្បាល​ចាត់​ទុក​ថា​ ជា​ផ្នែក​សំខាន់​មួយ​នៃ​រាងកាយ​ វា​ជា​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្ដាល​ មាន​មុខងារ​គ្រប់គ្រង​ការ​ចងចាំ​ ការ​គិត​ ការ​សម្រេច​ចិត្ត​ ការ​មើល​ឃើញ​ ការ​ឮ​ ការ​និយាយ​ និង​ គ្រប់គ្រង​ចលនា​នៃ​សាច់​ដុំ។ ​ប្រសិន​បើ​កោសិកា​ខួរ​ក្បាល​ចុះ​អន់ខ្សោយ​ វា​ស្មើ​នឹង​យើង​បាត់បង់​ការ​គ្រប់គ្រង​ប្រព័ន្ធ​ប្រសាទ​ដែល​មាន​ចំណង​ទាក់ទង​​ទៅ​នឹង​សាច់​ដុំ។

ការ​ប៉ូវ​ខួរក្បាល​មាន​សារសំខាន់​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ​គ្រប់​វ័យ។ កត្តា​សំខាន់​ វ័យ​កុមារ​ត្រូវ​ការ​សារជាតិ​អាហារ​ដើម្បី​ឲ្យ​លូតលាស់​ធំធាត់​ និង​អភិវឌ្ឍន៍​កោសិកា​ខួរក្បាល។ ចំណែក​ឯ​វ័យ​ចំណាស់​ត្រូវ​ការ​សារជាតិ​អាហារ​ដើម្បី​ការពារ​ជំងឺ​ភ្លេចភ្លាំង​ច្រើន​ដែល​ច្រើន​កើត​នៅ​ពេល​រាងកាយ​ចុះ​ទ្រុឌទ្រោម។

អាស្រ័យ​ហេតុ​នេះ​ កុមារ​នឹង​ឆ្លាត​ ចាស់ៗ​នឹង​មាន​ការ​ចងចាំ​ល្អ​ទៅ​បាន​ ល្គឹក​ណា​បាន​ទទួល​សារជាតិ​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​រាង​កាយ​ ដើម្បី​ប្រព័ន្ធ​អវយវៈ​ផ្សេងៗ​លូតលាស់​ទៅ​ដំណាលៗ​គ្នា។

ចំណី​អាហារ​តាម​បែប​ធម្មជាតិ

+ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ឲ្យ​បាន​គ្រប់​ទាំង​ ៥​ ក្រុម​ និង​ត្រូវ​ទទួល​ទាន​ ៣​ ពេល​ ដើម្បី​ឲ្យ​រាងកាយ​នាំ​យក​សារជាតិ​អាហារ​ទៅ​ទ្រទ្រង់​កោសិកា​ខួរក្បាល។

+ត្រូវ​ទទួល​ទាន​ត្រី​យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍​ ២-៣​ ដង​ ព្រោះ​ថា​ ជាតិ​អាស៊ីដ​អូមេហ្គា​ ៣​ ដែល​មាន​ធាតុ​ផ្សំ​នៃ​ EPA​ និង​ DHA​ ដែល​មាន​នៅ​ក្នុង​ត្រី​ជួយ​ទ្រទ្រង់​ខួរក្បាល ។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ អាស៊ីដ​អូមេហ្គា​ទាំងនេះ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​ចំពោះ​ជំងឺ​ភ្លេច​ភ្លាំង​ច្រើន​បាន​យ៉ាង​ប្រសើរ​ ។

+វីតាមីន​ B6​ មាន​តួនាទី​គ្រប់គ្រង​ដំណើរ​ការ​នៃ​ខួរក្បាល​ និង​ បង្កើត​សារជាតិ​សេរ៉ូថូនីន​ (Serotonin)​ ដែល​គេ​ឃើញ​មាន​ច្រើន​នៅ​ក្នុង​អង្ករ ​សណ្ដែក​ ថ្លើម​ ត្រសក់​ខែន​តាលូប​ (Cantaloup)​ ស្ពៃ​ក្ដោប​ ស្រូវ​អូត​​សណ្ដែក​ សណ្ដែក​ វ៉ុលណាត់​ និង​ស៊ុត។

+ប៉ូតាស្យូម​ ជា​រ៉ែ​ធាតុ​ម្យ៉ាង​ដែល​ជួយ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​ខួរក្បាល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រឡះ​ល្អ​ ញុំាង​ឲ្យ​ការ​គិត​ និង​ការ​ចងចាំ​ល្អ។ ប៉ូតាស្យូម​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ច្រើន​នៅ​ក្នុង​ចេក​ ល្ហុង​ ត្រី​ ទឹកដោះគោ​ ប៊័រ។

+អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​​ វា​ជួយ​ទ្រទ្រង់​ខួរ​ក្បាល​ជួយ​ជំរុញ​ដំណើរការ​នៃ​កោសិកា​ខួរក្បាល​ និង​ជួយ​ព្យាបាល​ជំងឺ​ទាំងឡាយ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ខួរក្បាល។

+ម៉ង់ហ្គាណេហ្ស​ ជា​សារ​ជាតិ​អាហារ​ដែល​គ្រប់គ្រង​ខួរ​ក្បាល​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ និង​សាច់​ដុំ​ធ្វើ​ការ​ស៊ី​សង្វាក់​គ្នា។ គេ​ប្រទះ​ឃើញ​ជាតិ​ម៉ង់ហ្គាណេហ្ស​ច្រើន​ក្នុង​ស្រូវ​អូត​ ស្រូវ​សាលី​ ស៊ុតក្រហម​ ថ្លើម​ អាហារ​​សមុទ្រ​ ទំពាំងបាយជូរ​ ចេក​ ក្រូច​ ប៉ោម​ និង​បន្លែ​ស្លឹក​បៃតង។

+អាហារ​ដែល​មាន​រ៉ែ​សេលេនៀម​ ដូចជា​ អង្ករ​សម្រូប​ អាហារ​សមុទ្រ​ ខ្ទឹមស​ ស្ពៃប្រូកខូលី​ ខ្ទឹមបារាំង​ ប៉េងប៉ោះ។ អាហារ​ទាំងអស់​នេះ ​មាន​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់សេរី​ ជួយ​បង្អង់​ការ​ចុះ​ខ្សោយ។

+ការ​ទទួល​ទាន​អាហារ​សមុទ្រ​ សាច់​ត្រី​ អង្ករ​សម្រូប​ បន្លែ​ស្លឹក​បៃតង​ចាស់​ មាន​រ៉ែ​ម៉ាញ៉េស្យូម​ច្រើន​ជួយ​ឲ្យ​មាន​ការ​ចងចាំ​ល្អ។

+វីតាមីន​ B12​ មាន​ច្រើន​នៅ​ក្នុង​ថ្លើម​សត្វ​ គ្រឿង​ក្នុង​​​ ត្រី​ ស៊ុត​ ទឹក​ដោះ​គោ​ ប៊័រ​ ជួយ​បង្កើន​ការ​ចងចាំ​ និង​​សមាធិ។

វីតាមីន​បន្ថែម

វីតាមីន​ B1​ ដើម្បី​ជួយ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ និង​ទ្រទ្រង់​ប្រព័ន្ធ​ប្រសាទ។ គួរ​តែ​ទទួល​ទាន​មួយ​ថ្ងៃ​ ៣០​- ៥០​ មិល្លីក្រាម។
+ខូលីន​ (Choline) គួរ​តែ​ទទួល​ទាន​មួយ​ថ្ងៃ​ ៥០០​- ១.០០០​ មិល្លីក្រាម​វា​អាច​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង​ច្រើន​ និង​បង្កើន​ការ​ចងចាំ។
+វីតាមីន​ B12​ ជួយ​ទ្រទ្រង់​ឲ្យ​ខួរក្បាល​សាង​សមាធិ​ និង​ជួយ​ឲ្យ​មាន​ការ​ចងចាំ​ល្អ។ គួរ​តែ​ទទួល​ទាន​មួយ​ថ្ងៃ​ ៥០​- ១០០​ មីក្រូក្រាម។

អាហារ​ដែល​គួរ​ចៀសវាង

+ត្រូវ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ អាហារ​ជាតិ​ខ្លាញ់​ខ្ពស់​ដូច​ជា​ ខ្លាញ់​សត្វ​ ប្រេងផាម​ (Palm) ប្រេង​ដូង។
+ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​រសជាតិ​ខ្លាំង​ ដូច​ជា​អាហារ​ប្រៃ​ខ្លាំង​ អាហារ​ផ្អែម​ខ្លាំង។ ស្ករ​​ អំបិល​ គួរ​តែ​ទទួល​ទាន​ក្នុង​កម្រិត​មួយ​ឲ្យ​សម​ល្មម។
+ត្រូវ​ចៀសវាង​អាហារ​ដែល​ឆ្លងកាត់​ដំណើរការ​ផ្សែ​ផ្សំ​ក្លិន​ ពណ៌​ និង​រសជាតិ​ រួម​ទាំង​អាហារ​​ដែល​ដាក់​ប៊ីចេង​ផង​ដែរ។
+ត្រូវ​កាត់​បន្ថយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ ដូចជា​ ស្រា​​ ស្រាបៀ​…ជា​ដើម។

ដំបូន្មាន

+ត្រូវ​បង្វឹក​ខួរក្បាល​ដោយ​ការ​លេង​ហ្គេម​បង្កើន​ប្រាជ្ញា។
+ត្រូវ​ចៀសវាង​ការ​ប្រើ​ភាជន៍​អាលុយមីញ៉ូម​ក្នុង​ការ​ចម្អិន​អាហារ។
+ចំពោះ​មនុស្ស​ចាស់​ គួរ​តែ​ចៀសវាង​ថ្នាំ​បន្ថយ​អាស៊ីដ​ដែល​ជា​សារធាតុ​ប្រឆាំង​ចំពោះ​សារជាតិ​អាហារ​ដែល​ទៅ​ទ្រទ្រង់​ខួរក្បាល។
+ចំពោះ​កុមារ​ គួរ​តែ​ទទួល​ទាន​អាហារ​ដែល​មាន​វីតាមីន​ រ៉ែ​ធាតុ​ដែល​បាន​ពី​អាហារ​ដោយ​ផ្ទាល់​​ មិន​ចាំបាច់​ទទួល​ទាន​វីតាមីន​បន្ថែម​ឡើយ។ ប្រសិន​បើ​ចង់​ទទួល​ទាន​វីតាមីន​ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន៕