សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ល្ហុង​ជា​​អាវុ​ធ​ប្រឆាំង​មហារីក​មាន​ប្រសិទ្ធភាព​

Posted by phearykh ​នៅ ខែ​មេសា 10, 2012

ភ្នំពេញ: ក្រៅពីរសជាតិផ្អែមឆ្ងាញ់ ល្ហុងអាចជួយកែប្រែឱ្យប្រសើរសុខភាព, ប្រព័ន្ធរំលាយអាហារ, ធ្វើឱ្យស្អាតផ្លូវពោះវៀន, បង្កើនប្រព័ន្ធអង្គបដិបក្ខ, ការពារសួត និងសន្លាក់ ហើយក៏អាចជា” អាវុធ” ប្រឆាំងមហារីកដ៏មានប្រសិទ្ធភាព។

យោងការស្រាវជ្រាវថ្មីៗបំផុតបង្ហាញថា វាអាចបង្អាក់ការលូតលាស់របស់កោសិកាមហារីកដោះ, បញ្ឈប់ការរាលដាល និងធ្វើឱ្យទៅជាធម្មតាដុំជីវិតរបស់កោសិកា។

បង្អាក់ការរីកចម្រើនរបស់កោសិកាមហារីកដោះ

អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរុក្ខជាតិ៤ប្រភេទត្រូវបានទទួលទានទូទៅនៅម៉ិកស៊ិកូ ដើម្បីកំណត់លទ្ធភាពបង្អាក់ការរីកចម្រើនរបស់កោសិកាមហារីកដោះ ។ ពពួកផ្លែត្រូវបានស្រាវជ្រាវ រួមមានផ្លែប៊័រ ត្របែក ស្វាយ ម្នាស់ ទំពាំងបាយជូរ ប៉េងប៉ោះ និងល្ហុង …។ នេះសុទ្ធតែជាពពួកអាហារសម្បូរ beta-carotene, phenol, អាស៊ីត gallic និងសារជាតិប្រឆាំងអុកស៊ីតកម្ម ។ ពួកគេរកឃើញមានតែផ្លែល្ហុងមួយគត់អាចបង្អាក់ការ រីកចម្រើនរបស់កោសិកាមហារីកដោះ។

ប្រភព lycopene ប្រឆាំងមហារីកដ៏សម្បូរ

ពណ៌ទឹកក្រូចភ្លឺរបស់ផ្លែល្ហុង បង្ហាញពីវត្តមានរបស់សារជាតិប្រឆាំងមហារីកដ៏សែនខ្លាំង carotenoids។ ពុំត្រឹមតែ beta-carotene ប៉ុណ្ណោះទេ, lycopene ក៏ត្រូវបានរកឃើញជាមួយនឹងបរិមាណដ៏ច្រើន។ ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យអ៊ីលីណយ (អាមេរិក) ចាត់ទុកថា សកម្មភាពរបស់សារជាតិ ប្រឆាំងអុកស៊ីតកម្មទាំងនេះមានឥទ្ធិពលប្រឆាំងមហារីក។ ពួកគេចង្អុលបង្ហាញថា បញ្ចូល lycopene ពណ៌ទឹកក្រូចកាន់តែច្រើន, គ្រោះថ្នាក់មហារីកក្រពេញប្រូស្តាតកាន់តែទាប។

ការស្រាវជ្រាវនៅប្រទេសអូស្ត្រាលីលើអ្នកជំងឺមហារីកក្រពេញប្រូស្តាត១៣០ នាក់ បង្ហាញថា បុរសដែលទទួលទានផ្លែ ឈើនិងបន្លែបៃតងសម្បូរសារជាតិ lycopene ច្រើន ដូចជាផ្លែល្ហុងនឹងអាចថយចុះ៨២ភាគរយគ្រោះថ្នាក់រីកចម្រើនមហារីកក្រពេញប្រូស្តាត។

សមានកម្មពពួកប្រូតេអ៊ីនធ្វើភារកិច្ចការពារដុំគីសកំណាច
ផ្លែ និងផ្នែកមួយចំនួនលើដើមល្ហុង ដូចជាស្លឹក មានផ្ទុក Papain និង Chymopapain ជាបណ្តាអង់ហ្ស៊ីមការពារខ្លាំងក្លា ដែលអាចបង្កើតជា ប្រតិកម្មងាយស្រួលក្នុងសរីរាង្គ ។ វាកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ ដោយវិធីជួយកាច់បំបាក់ពពួកកោសិកាក្នុងអាហារទៅជាអាស៊ីតអាមីណូ ដែលសរីរាង្គបានគួបផ្សំដើម្បីបង្កើតជាប្រូតេអ៊ីនថ្មីក្នុងសរីរាង្គ។

ការស្រាវជ្រាវបង្ហាញថា សុខភាពរាងកាយនិងស្មារតីរបស់មនុស្សចំណុះទៅលើសមត្ថភាពផលិតពពួកអង់ហ្ស៊ីមដែលសរីរាង្គត្រូវការ។ ប៉ុន្តែ ពេលមានអាយុច្រើន សរីរាង្គនឹងមិនសូវស្រូបយកអង់ហ្ស៊ីមទាំងនេះពីអាហារ ហើយលទ្ធផលគឺបរិមាណអាស៊ីតអាមីណូត្រូវខ្វះ។ ដោយសារបរិមាណ ប្រូតេអ៊ីនពិបាករំលាយច្រើនឡើងនឹងនាំដល់ការលូតលាស់របស់បាក់តេរីក្នុងផ្លូវពោះវៀន និងកាន់តែបណ្តាលឱ្យបរិមាណអាស៊ីតអាមីណូចាំបាច់សម្រាប់ សរីរាង្គត្រូវខ្វះ។

ទទួលទានផ្លែល្ហុងក្រោយពេលបាយ នឹងជួយកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ ជួយបង្ការតឹងពោះ ហើមពោះ និងពិបាករំលាយ។ វាក៏មានប្រយោជន៍បំផុតសម្រាប់បណ្តាករណីប្រើប្រាស់អង់ទីប៊ីយ៉ូទិក ព្រោះវាផ្គត់ផ្គង់ពពួកបាក់តេរីមានប្រយោជន៍ដែលបានត្រូវកម្ទេចក្នុងដំណើរការប្រឆាំងតបពពួកបាក់តេរីមានគ្រោះថ្នាក់។ ពេលប្រព័ន្ធរំលាយអាហារផលិតគ្រប់បាក់តេរីមានប្រយោជន៍ ប្រព័ន្ធអង្គបដិបក្ខនឹងត្រូវបានបង្កើន និងអាចការពារសរីរាង្គ ប្រឆាំងតបផ្តាសាយនិងមហារីកល្អជាង។

ល្ហុងក៏ផ្ទុក Fibrin, សារជាតិចម្រុះមានប្រយោជន៍មួយផ្សេងមិនរកក្នុងពពួករុក្ខជាតិជាច្រើន ។ Fibrin អាចជួយបន្ថយគ្រោះថ្នាក់កកឈាមដុំៗ និងកែប្រែឱ្យប្រសើរគុណភាពកោសិកាឈាម ជួយឱ្យស្រឡះសរសៃឈាម ។ Fibrin ក៏សំខាន់ណាស់ដែរក្នុងតួនាទីបន្ថយអប្បបរមាគ្រោះថ្នាក់ស្ទះសរសៃឈាមនៅជើង៕S

 

source: http://www.cen.com

បានចុះផ្សាយក្នុង គ្មាន​ចំណាត់ក្រុម | Leave a Comment »

វិធី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា

Posted by phearykh ​នៅ ខែ​ឧសភា 10, 2011

ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​រោគ​មួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​តប់ប្រមល់ វិល​វល់​អារម្មណ៍ ធ្វើ​អ្វី​មិន​កើត ទទួល​ទាន​អាហារ និង​ដំណេក​មិន​បាន ជួនកាល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គិត​ផ្ដេសផ្ដាស​រហូត​ផ្ដាច់​ផ្ដិល​ជីវិត​ខ្លួន​ឯង​ក៏​មាន​ដែរ។
នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​ចែង​ថា បញ្ហា​ទាំង​អស់​នេះ​ក៏​បណ្ដាល​មក​ពី​គេ​ខ្វះ​ការ​បង្ហាត់​បង្រៀន អប់រំ ឃុំ​គ្រង​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​មូល​តែ​មួយ។ តើ​ការ​អប់រំ​ចិត្ត​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ខ្លះ? អ្នក​ស្រី កែវ​ពេជ្រ មេត្តា រាយ​ការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ៖

មនុស្ស​គ្រប់​រូប​មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ តែង​តែ​មាន​រោគ​ពីរ​យ៉ាង​ប្រចាំ​នៅ​ក្នុង​ខ្លួន គឺ​រោគ​ផ្លូវ​កាយ និង​រោគ​ផ្លូវ​ចិត្ត ដោយ​ខុស​គ្នា​ត្រង់​ឈឺ​តិច ឬ​ឈឺ​ច្រើន​ប៉ុណ្ណោះ។

សម្រាប់​រោគ​ផ្លូវ​កាយ គេ​អាច​ធ្វើ​ការ​ព្យាបាល​តាម​វិធី​ផ្សេងៗ បាន​ដូច​ជា​លេប​ថ្នាំ ឬ​ចាក់​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​ជំងឺ​ខ្លះ​អាច​ជា​សះ​ស្បើយ​បាន​ក្រោយ​ពី​បាន​ព្យាបាល​រួច​មក។ ប៉ុន្តែ​សម្រាប់​រោគ​ផ្លូវ​ចិត្ត​វិញ គេ​ឃើញ​មាន​ការ​ពិបាក​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ជាង​រោគ​ផ្លូវ​កាយ ពី​ព្រោះ​ជំងឺ​ផ្លូវ​ចិត្ត​នេះ​មាន​ការ​ទាក់​ទង​ទៅ​និង​អារម្មណ៍​ទាំង​ឡាយ​របស់​ចិត្ត ភ្ជាប់​ទៅ​និង​រចនាសម្ព័ន្ធ​រាង​កាយ​របស់​មនុស្ស​ម្នាក់។

កត្តា​មួយ​ទៀត ចិត្ត​គឺ​ជា​សភាវៈ​ធម៌ (ឬ​ធម្មជាតិ​ដើម) មួយ ដែល​គេ​មើល​មិន​ឃើញ និង​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​បំផុត។ ប្រសិន​បើ​ចិត្ត​ពើប​ប្រទះ​និង​វត្ថុ​ណា​មួយ​ដែល​ពេញ​ចិត្ត ពេល​នោះ​អារម្មណ៍​ក៏​កើត​មាន​សេចក្ដី​សប្បាយ​រីក​រាយ ប៉ុន្តែ​បើ​ចិត្ត​បាន​ជួប​និង​រឿង​អ្វី​មួយ​កើត​ឡើង ដែល​អាក្រក់​ជា​រឿង​មិន​ល្អ​មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​បាន​ប្រែ​ទៅ​ជា​រង​ទុក្ខ​ភ្លាមៗ មួយ​រំពេច។

ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុន​ធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី និង​ជា​ព្រះ​សមុហ៍​អនុ​គណ​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា ប្រការ​ដែល​នាំ​ឲ្យ​ចិត្ត​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​សប្បាយ ឬ​ភាព​តាន​តឹង​បង្ក​ឲ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ត​នោះ បើ​គេ​និយាយ​ទៅ​តាម​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ថា​បណ្ដាល​មក​ពី​អាយតនៈ​ខាង​ក្នុង​ទាំង​៦ មាន​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​មនោ ឬ​ចិត្ត ហើយ​និង​អាយតនៈ​ខាង​ក្រៅ​មាន​៦ ដែរ គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ (ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ…) ៖ “កត្តា​ទាំង​ពីរ​ហ្នឹង បើ​យើង​ផ្អែក​ទៅ​ក្នុង​អង្គ​ធម៌ គឺ​អាយតនៈ​ទាំង​១២ ហ្នឹង។ អាយតនៈ​ក្នុង​៦ អាយតនៈ​ក្រៅ​៦ គឺ​ភ្នែក​ជា​គូ​គ្នា​និង​រូប។ បើ​ភ្នែក​ឃើញ​រូប​ហ្នឹង​ល្អ​ទៅ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត មាន​ន័យ​ថា​វា​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​អ៊ីចឹង​ទៅ ប៉ុន្តែ​កាល​ណា​ភ្នែក​វា​ប៉ះ​រូប​មិន​ល្អ បណ្ដាល​ឲ្យ​ចិត្ត ឬ​អារម្មណ៍​យើង​សោយ​នូវ​ការ​តានតឹង ឬ​ក៏​ការ​កើត​ទុក្ខ​តប់ប្រមល់​ផ្លូវ​ចិត្ត អា​ហ្នឹង​ផ្នែក​ខាង​ភ្នែក និង​រូប។ ដល់​ពេល​ត្រចៀក​ដូច​គ្នា​អ៊ីចឹង​ដែរ កាល​ណា​ឮ​សំឡេង​ពីរោះ​វា​បញ្ជូន​ជូន​ព័ត៌មាន​ដល់​ចិត្ត ចិត្ត​សប្បាយ ប៉ុន្តែ​បើ​ឮ​សំឡេង​មិន​គប្បី វា​ប៉ះ​ផ្ទប់​និង​សំឡេង​ខាង​ក្រៅ​មិន​ល្អ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត ចិត្ត​ក៏​កើត​ទុក្ខ​ធី​ចឹង​ទៅ អា​ហ្នឹង​ផ្នែក​ត្រចៀក​គូ​និង​សំឡេង”។

ចំណែក​អាយតនៈ​ទី​៣ ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ថា គឺ​ច្រមុះ​ជា​គូ​និង​ក្លិន ដែល​នាំ​ឲ្យ​ចិត្ត​ទោមនស្ស និង​សោមនស្ស​រីករាយ គឺ​បើ​ច្រមុះ​ប៉ះ​ក្លិន​ល្អ ក្រអូប ឈ្ងុយ ឆ្ងាញ់ ចិត្ត​ក៏​ទទួល​សុខ​សប្បាយ តែ​កាល​ណា​ច្រមុះ​ប៉ះ​ផ្ទប់​នូវ​ក្លិន​មិន​ល្អ​ពេល​នោះ ចិត្ត​ក៏​រង​ទុក្ខ។ រី​ឯ​អាយតនៈ​ទី​៤ ក៏​មាន​លក្ខណៈ​ដូច​គ្នា គឺ​អណ្ដាត​គូ​និង​រស (រស​ជាតិ) កាល​ណា​អណ្ដាត​បាន​ប៉ះ​រស​ជាតិ​អាហារ​ណា​ជា​ទី​គាប់​ចិត្ត ពេល​នោះ​ចិត្ត​សប្បាយ បើ​ប៉ះ​រស​មិន​ឆ្ងាញ់​ពិសា​ទេ ក៏​បណ្ដាល​ឲ្យ​ចិត្ត​មាន​ការ​សៅហ្មង​ឡើង។ សម្រាប់​អាយតនៈ​ទី​៥ គឺ​កាយ​ជា​គូរ​និង​ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ ហើយ​ទី​៦​គឺ​មនោ ឬ​ចិត្ត ជា​គូ​និង​អារម្មណ៍ ធម្មារម្មណ៍ ៖ “សរុប​សេចក្ដី​ទៅ​ថា អាយតនៈ​ទាំង​១២ ហ្នឹង ៦​ក្នុង ៦​ក្រៅ គឺ​ជា​មធ្យោបាយ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ឬ​ដែល​ហៅ​ថា ស្ដ្រេស (Stress) ធ្វើ​ឲ្យ​តប់ប្រមល់​ក្ដៅ​ក្រហាយ​អី​ចឹង​ទៅ។ ជា​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង​តែ​ម្ដង ដល់​ពេល​អ៊ីចឹង ចិត្ត​មាន​រោគ មាន​ជំងឺ មាន​វិបត្តិ​ផ្សេងៗ ច្រើន​បន្ត​ទៅ​ទៀត​ច្រើន។ មនុស្ស​យើង​អត់​គេច​ផុត​ពី​បញ្ហា​ហ្នឹង គឺ​គេច​មិន​ផុត​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា តិច ឬ​ច្រើន អ្នក​ខ្លះ​គេ​អាច​គ្រប់គ្រង​បាន​អ៊ីចឹង​ទៅ វា​ជា​ទង្វើ​ល្អ​របស់​គេ ហើយ​អ្នក​ខ្លះ​ទៅ​មាន​ស្ថានភាព​គ្រប់គ្រង​ចិត្ត​អត់​បាន​អ៊ីចឹង​ទៅ អា​ជំងឺ​វា​គ្រប់​ដណ្ដប់​ផ្លូវ​ចិត្ត​ហ្នឹង វា​រើ​អត់​រួច​ក៏​ដែល​ជា​បញ្ហា​ធំ​មែនទែន”។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា កាល​ណា​ចិត្ត​ជាប់​ជំពាក់​ខ្លាំង​ទាំង​ក្នុង​អារម្មណ៍​សប្បាយ និង​អារម្មណ៍​កើត​ទុក្ខ តានតឹង​ពិបាក​ដោះ​ស្រាយ​ធ្វើ​ឲ្យ​ចិត្ត​មាន​រោគ ឬ​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ក្លា ហើយ​បើ​មិន​ប្រញាប់​ព្យាបាល​ទេ អ្នក​ជំងឺ​អាច​ឈាន​ទៅ​រក​គ្រោះ​ថ្នាក់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពីព្រោះ​កាយ និង​ចិត្ត​នេះ​មាន​សម្ពន្ធភាព​ទាក់​ទង​គ្នា។ កន្លង​មក​ក៏​ដូច​សព្វ​ថ្ងៃ ការ​ព្យាបាល​រោគ​ផ្លូវ​ចិត្ត អ្នក​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដូច​ជា​ដើរ​កម្សាន្ត មើល​កុន​ល្ខោន ស្ដាប់​ចម្រៀង ឬ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន ជា​ដើម ដើម្បី​បំបាត់​ទុក្ខ ប៉ុន្តែ​បន្ទាប់​ពី​ការ​ធ្វើ​បែប​នេះ គឺ​បាន​តែ​មួយ​គ្រា ហើយ​គេ​ក៏​វិល​ទៅ​រក​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដដែល។

ក្រៅ​ពី​នេះ​ទៀត អ្នក​ជំងឺ​ខ្លះ​បាន​ស្វះស្វែង​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ឲ្យ​ព្យាបាល​ឲ្យ ដោយ​លេប​ថ្នាំ ឬ​ជួន​កាល​បាន​ទទួល​ការ​ណែ​នាំ​ជួយ​លើក​ទឹក​ចិត្ត​ពី​គ្រូ​ពេទ្យ ហើយ​អ្នក​ខ្លះ​ក៏​បាន​ធូរ​ស្រាល ប៉ុន្តែ​អ្នក​ខ្លះ​មិន​បាន​ធូរ​ស្រាល​ទេ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​អង្គ មិន​មាន​ការ​ចែង​ថា​ធម៌​ណា​មួយ​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​ទេ ក៏​ប៉ុន្តែ​ព្រះ​អង្គ​បាន​បង្រៀន​អំពី​វិធី​អប់រំ​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើ​ការ​ទូន្មាន​ចិត្ត គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ។

ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុនធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​គ្រប់​គ្រង​ចិត្ត ដើម្បី​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​យ៉ាង​ដូច្នេះ ៖ “ព្រះ​ពុទ្ធ​លោក​បង្រៀន​រូបមន្ត​ថា ដើម្បី​ឲ្យ​ចិត្ត​ហ្នឹង​ជា​ចិត្ត​មួយ​សុខ គឺ​ត្រូវ​តែ​មាន​ធម៌​នៅ​ក្នុង​ចិត្ត នៅ​ក្នុង​ខ្លួន អ៊ីចឹង​ទី​១ ត្រូវ​សិក្សា​ព្រះ​ធម៌​ឲ្យ​យល់​ពី​រឿង​ពិត​នៃ​ជីវិត ថា​តើ​ជីវិត​យើង​ហ្នឹង​មាន​លក្ខណៈ​បែប​ណា។ ដូច​ជា​ព្រះ​ពុទ្ធ​លោក​សំដែង​ថា​ជីវិត​មនុស្ស​កើត​មក​មិន​ទៀង ជា​អនិច្ចំ ជា​ទុក្ខ អនត្តា មិន​មែន​ខ្លួន​អ៊ីចឹង។ កាល​ណា​យើង​ទទួល​ស្គាល់​នូវ​ការ​ពិត​អ៊ីចឹង អា​ការ​ទទួល​ស្គាល់​ហ្នឹង​ជា​វិធី​មួយ​បន្ថយ​នូវ​សេចក្ដី​ទុក​រួច​ស្រេច​ទៅ​ហើយ ពី​ព្រោះ​យើង​បាន​សម្រប​ខ្លួន​ទៅ​តាម​ច្បាប់​ធម៌​ហ្នឹង… ប៉ុន្តែ​មនុស្ស​ដែល​កើត​ទុក្ខ​ហ្នឹង ភាគ​ច្រើនៗ មិន​ទទួល​ស្គាល់​នូវ​ការ​ពិត​ហ្នឹង…។ ចង់​ទប់​ការ​ពិត​មិន​ឲ្យ​ប្រែប្រួល ដល់​ចង់​ទប់​ខ្លាំង ការ​កើត​ទុក្ខ​ក៏​កាន់​តែ​ខ្លាំង​ដែរ…”។

ព្រះតេជព្រះគុណ​បាន​បន្ត​ទៀត​ថា ការ​ជួយ​ចិត្ត​ឲ្យ​មាន​សុខភាព​ល្អ សំខាន់​គឺ​អ្នក​ជំងឺ​រៀន​អប់រំ​ខ្លួន​ឯង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ចិត្ត ហើយ​វិធី​ដែល​អាច​អប់រំ​ចិត្ត​បាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ការ​អនុវត្ត​សីល សមាធិ និង​វិបស្សនា ៖ “សមាធិ​នេះ បើ​និយាយ​មែនទែន​ទៅ​គឺ​ជា​វិធី​ពង្រឹង​អំណាច​ផ្លូវ​ចិត្ត ព្រោះ​ជីវិត​យើង ភាសា​ព្រះ​ធម៌​លោក​ហៅ​ថា បង្កើត​ឡើង​ចេញ​ពី​នាម​ធម៌ និង​រូប​ធម៌… ហើយ​នាម និង​រូប​ហ្នឹង​បង្កើត​បាន​ជា​ជីវិត។ អ៊ីចឹង​បាន​ជា​ជីវិត​កើត​មក​វា​ត្រូវ​មាន​ការ​ប្រែប្រួល អ៊ីចឹង​ចិត្ត​ហ្នឹង​វា​ក្រោម​ក្រំ វា​កើត​ទុក្ខ អ៊ីចឹង​បាន​ជា​ព្រះ​ពុទ្ធ លោក​ឲ្យ​ប្រើ​រូបមន្ត​សមាធិ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ចិត្ត​ចេញ​ចាក កុំ​ឲ្យ​ទទួល​យក​អ្វី​ដែល​មិន​ល្អ​ដាក់​ក្នុង​ចិត្ត។ ដល់​ពេល​ហ្នឹង​អា​ចិត្ត​បាន​ចម្រើន បាន​អប់រំ បាន​ល្អ ចិត្ត​ស្អាត​អ៊ីចឹង​ទៅ គឺ​ចិត្ត​ហ្នឹង​ដេក​នៅ​ជា​សុខ”។

នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ គេ​ឃើញ​មាន​ការ​បង្កើត​កន្លែង​បដិបត្តិ​ធម៌ ឬ​មជ្ឈ​មណ្ឌល​បដិបត្តិ​ធម៌​ជា​ច្រើន​កន្លែង​ផង​ដែរ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ទៅ​សិក្សា​ស្វែង​យល់​អំពី​របៀប​អប់រំ​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​លំនឹង កាត់​បន្ថយ​ការ​កើត​ទុក្ខ​ផ្សេងៗ​ផង និង​ដើម្បី​បាន​សន្សំ​កុសល​ផល​បុណ្យ​ផង។

មជ្ឈ​មណ្ឌល​វិបស្សនា​ទាំង​នោះ​រួម​មាន មជ្ឈ​មណ្ឌល​ធម្មលដ្ឋិកា​ដែល​មាន​ទីតាំង​នៅ​ភ្នំ​ទ្រុង​មាន់ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មជ្ឈ​មណ្ឌល​វិបស្សនាធុរៈ​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕

http://www.rfa.org/khmer

បានចុះផ្សាយក្នុង សុខភាព | Leave a Comment »

ប្រវត្តិ​សត្វ​ទាំង​១២​នៅ​ក្នុង​ឆ្នាំ​របស់​ខ្មែរ

Posted by phearykh ​នៅ ខែ​ឧសភា 10, 2011

ដោយ កែវ ពេជ្រមេត្តា
2011-04-13

នៅ​ក្នុង​វប្បធម៌​ខ្មែរ មាន​សត្វ​ទាំង ១២ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​យក​មក​ធ្វើ​ជា​គោល ដើម្បី​សម្គាល់​ឆ្នាំ។ ក៏ប៉ុន្តែ មាន​មតិ​ខ្លះ​យល់​ថា ការ​យក​សត្វ​ទាំង ១២ មក​សម្គាល់​ដូច្នេះ គឺ​ចម្លង​ពី​វប្បធម៌​ជាតិ​សាសន៍​ដទៃ។

គ្រប់​ជាតិ​សាសន៍​នៅ​ក្នុង​សកល​លោក​សព្វ​ថ្ងៃ​នេះ គេ​តែងតែ​មាន​អរិយធម៌ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​សម្រាប់​ជា​ការ​សំគាល់​នូវ​អត្តសញ្ញាណ​ជាតិ​របស់​គេ​នីមួយៗ ក្នុង​នោះ​មាន​ការ​រួម​ធ្វើ​ពិធី​កម្ម​ផ្សេងៗ ដូច​ជា​ការ​រៀប​មង្គល​ការ​កូន​ប្រុ ស​ស្រី ពិធី​ខួប​កំណើត ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។
នៅ​រាល់​ការ​ធ្វើ​ពិធី​កម្ម​ទាំង​អម្បាល​មាន​នោះ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន គឺ​គេ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស គន់​គូរ ដើម្បី​កំណត់​យក​ពេល​វេលា​ណា​មួយ​មក​ជួប​ជុំ​គ្នា។ ប្រការ​នេះ​ហើយ​ទើប​បុព្វ​បុរស ឬ​ក៏​អ្នក​ប្រាជ្ញ លោក​អ្នក​ចេះ​ដឹង​របស់​ជាតិ​សាសន៍​ទាំង​ឡាយ​នោះ បាន​នាំ​គ្នា​រិះរក​បង្កើត​ឲ្យ​មាន​ជា​ឈ្មោះ​នៃ​កាល​នីមួយៗ នោះ ដោយ​ចែក​ចេញ​ជា​បី​ផ្នែក គឺ​ឈ្មោះ​ថ្ងៃ មាន​ចំនួន ៧ ឈ្មោះ​ខែ​មាន ១២ ហើយ​និង​ឈ្មោះ​ឆ្នាំ​មាន ១២។
ដោយ​ឡែក​ជន​ជាតិ​ខ្មែរ ដែល​គេ​ឃើញ​មាន​អរិយធម៌ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​យ៉ាង​សម្បូរ​បែប​តាំង​ពី​បុរាណ​កាល​មក​ដល់​សព្វ​ថ្ងៃ​នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​ឈ្មោះ​ថ្ងៃ ឈ្មោះ​ខែ និង​ឈ្មោះ​ឆ្នាំ មាន​ចំនួន​ដូច​គ្នា​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ។
សម្រាប់​ឈ្មោះ​ឆ្នាំ ដែល​អស់​លោក​អ្នក​ប្រាជ្ញ​ខ្មែរ​ក្នុង​សម័យ​បុរាណ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឃើញ​មាន​ចំនួន​ទាំង​អស់ ១២ នោះ គឺ​ឆ្នាំ​ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ ឬឆ្នាំកោរ។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ឈ្មោះ​ឆ្នាំ​ទាំង ១២ នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​ឈ្មោះ​សត្វ​ចំនួន ១២ យក​មក​ធ្វើ​ជា​តំណាង​ឲ្យ​ឆ្នាំ​នីមួយៗ គឺទី១ សត្វ​កណ្ដុរ តំណាង​ឲ្យ​ឆ្នាំ​ជូត ទី២ សត្វ​គោ តំណាង​ឲ្យ​ឆ្នាំ​ឆ្លូវ ទី៣ សត្វ​ខ្លា តំណាង​ឲ្យ​ឆ្នាំ​ខាល ទី៤ សត្វ​ទន្សាយ តំណាង​ឲ្យ​ឆ្នាំ​ថោះ ទី៥ សត្វ​នាគ រាជ​តំណាង​ឲ្យ​ឆ្នាំ​រោង ទី៦ សត្វ​ពស់ តំណាង​ឲ្យ​ឆ្នាំ​ម្សាញ់ ទី៧ សត្វ​សេះ តំណាង​ឲ្យ​ឆ្នាំ​មមី ទី៨ សត្វ​ពពែ តំណាង​ឲ្យ​ឆ្នាំ​មមែ ទី៩ សត្វ​ស្វា តំណាង​ឲ្យ​ឆ្នាំ​វក ទី១០ សត្វ​មាន់ តំណាង​ឲ្យ​ឆ្នាំ​រកា ទី១១ សត្វ​ឆ្កែ តំណាង​ឲ្យ​ឆ្នាំ​ច និងទី១២ សត្វ​ជ្រូក តំណាង​ឲ្យ​ឆ្នាំ​កុរ។
នៅ​រាល់​បណ្ដា​ឈ្មោះ​ឆ្នាំ​ទាំង ១២ ដោយ​យក​ឈ្មោះ​សត្វ​មក​ធ្វើ​ជា​សញ្ញា​សំគាល់​ឲ្យ​ឆ្នាំ​នីមួយៗ ដែល​បាន​ជ្រើស​រើស​យក​សត្វ​កណ្ដុរ​មក​ធ្វើ​ជា​ប្រមុខ​ឆ្នាំ ឬ​ជា​ឆ្នាំ​ទី១ នោះ គេ​មិន​ឃើញ​​មាន​ឯកសារ​​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់​ថា បាន​កើត​ចេញ​ពី​ពេល​ណា ហើយ​អ្នក​ណា​ជា​អ្នក​បង្កើត​នោះ​ទេ ប៉ុន្តែ តាម​ការ​អះអាង​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន​នោះ បាន​បញ្ជាក់​ប្រាប់​ខុសៗ គ្នា ដោយ​ខ្លះ​លើក​ឡើង​ថា គឺ​ធ្វើ​ទៅ​តាម​ការ​និទាន​រឿង​ព្រេង​ខ្មែរ ហើយ​ខ្លះ​ទៀត​ថា ជា​ការ​ចម្លង​មក​ពី​វប្បធម៌​បរទេស ដូចជា​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា។
លោក វ៉ាយ វិបុល ជំនួយ​ការ​អគារធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឈ្មោះ​ឆ្នាំ​ទាំង ១២ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ​មួយ​នោះ បាន​បញ្ជាក់​អំពី​ព្រះ​ឥន្ទ្រាធិរាជ ដែល​ជា​ស្ដេច​ទេវតា បាន​ធ្វើ​ការ​ប្រកាស​ដល់​ពពួក​សត្វ​ទាំង​អស់​ឲ្យ​មក​ធ្វើ​ការ​ប្រជុំ​គ្នា​នៅ​ទី​កន្លែង​មួយ ដោយ​កំណត់​ថា បើ​សត្វ​ណា​បាន​មក​ដល់​ទីកន្លែង​ប្រជុំ​នោះ​មុន​គេ សត្វ​នោះ​នឹង​ត្រូវ​ជាប់​ឈ្មោះ​ជា​សត្វ​ទី១។
បន្ទាប់​ពី​បាន​ដំណឹង​នេះ​សត្វ​ទាំង​អស់​ក្នុង​ពិភព​លោក​ក៏​បាន​ត្រៀម​ខ្លួន​នឹង​ទៅ​ប្រជុំ ប៉ុន្តែ ពេល​នោះ​មាន​សត្វ​ឆ្មា ហាក់​មាន​មន្ទិល​សង្ស័យ​មិន​ដឹង​ថ្ងៃ​ខែ​ច្បាស់​លាស់​នៃ​ការ​កំណត់​ពេល​ប្រជុំ​នោះ​ទេ។

លោក វ៉ាយ វិបុល ៖ សត្វ​ឆ្មា​សង្ស័យ ហើយ​ក៏​សួរ​កណ្ដុរ​ថា នែ​វ៉ី​ឮ​សូរ​ថា​ព្រះ​ឥន្ទ​ប្រជុំ​ថ្ងៃ​ណា​ដែរ ស្អែក ឬ​ក៏​ខាន​ស្អែក? ពេល​នោះ​កណ្ដុរ​គេ​ដឹង​ច្បាស់។ កណ្ដុរ​វា​មាន​ចរិត​មួយ​ប៉ិន​ស្ដាប់​ដឹង​ថា ស្អែក​ប្រជុំ ប៉ុន្តែ កណ្ដុរ​កុហក​ឆ្មា​ថា ខាន​ស្អែក​ឯ​នោះ​ប្រជុំ។ ពេល​នោះ​ឆ្មា​ក៏​អត់​បាន​ត្រៀម​ខ្លួន​ប្រហែស​អ៊ីចឹង​ទៅ។ ដល់​ពេល​ព្រលឹម​ឡើង​គោ​មក​មុន មក​ជិត​ដល់​កន្លែង​សាលា​ព្រះឥន្ទ​ហ្នឹង​ហើយ ក៏ប៉ុន្តែ ពេល​នោះ​កណ្ដុរ​វា​ឆ្លាត វា​ក៏​ឡើង​ផ្លាប់​លើ​ខ្នង​គោ ​ដល់​ឡើង​លើ​ខ្នង​គោ​ទៅ​ដល់​ផ្លោះ​មុខ​គោ​ទៅ​កណ្ដុរ​បាន​ដល់​មុន បាន​ព្រះឥន្ទ​សន្មត់​ថា​យក​កណ្តុរ ជូត១ ឆ្លូវ២ ខាល៣ ថោះ៤ ….. អីចឹងមក ។
ក្រៅ​ពី​មាន​ការ​បញ្ជាក់​ថា យក​ឈ្មោះ​សត្វ​ទាំង ១២ ហើយ​ជ្រើស​យក​សត្វ​កណ្ដុរ​ជា​ឈ្មោះ​ឆ្នាំ​ទី​១ ឆ្នាំ​ជូត​នោះ ក៏​មាន​ការ​បញ្ជាក់​ផ្សេង​ពី​នេះ​ដែរ​ថា ប្រវត្តិ​នាំ​ឲ្យ​កើត​មាន​ឈ្មោះ​ឆ្នាំ​ទាំង ១២ នេះ គឺ​ដោយ​សារ​មាន​ការ​ព្យាករណ៍​របស់​ហោរា​សាស្ត្រ ឬ​តារាសាស្ត្រ​បុរាណ ដែល​ជា​អ្នក​ស្វែង​រក​ឃើញ​ឈ្មោះ​សត្វ​ទាំង ១២ នោះ។
លោក អ៊ឹម បុរិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​ជា​ជំនួយ​ការ​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​អំពី​ការ​រក​ឃើញ​របស់​ក្រុម​ហោរា​សាស្ត្រ និង​តារាសាស្ត្រ​យ៉ាង​ដូច្នេះ។
លោក អ៊ឹម បុរិន្ទ ៖ «ដើម​ឡើយ​អ្នក​ហោរាសាស្ត្រ និង​តារាសាស្ត្រ​នៅ​ជាមួយ​គ្នា​ព្រោះ​ថា​អ្នក​ចេះ​ហោរាសាស្ត្រ​ក៏​ជា​តារាសាស្ត្រ​ដែរ។ គឺ​លោក​បាន​សង្កេត​មើល​ទៅ​លើ​ផ្ទៃ​មេឃ ហើយ​ឃើញ​ថា មាន​សត្វ​ផ្សេងៗ នៅ​តាម​ផ្ទៃ​មេឃ​ហ្នឹង យើង​មិន​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​បាន​ទេ លុះ​ត្រា​តែ​មាន​កែវ​យឹត​បាន​យើង​មើល​ឃើញ​រូបភាព​ហ្នឹង។ អ៊ីចឹង​លោក​បាន​យក​រូបភាព​ហ្នឹង​មក​ធ្វើ​ជា​ការ​កំណត់​ឆ្នាំ ដោយ​មាន​រូប សត្វ​កណ្ដុរ សត្វ​គោ សត្វ​ខ្លា​អី​តាម​លំដាប់»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​មួយ​ទៀត សម្រាប់​ការ​កកើត​នៃ​ឆ្នាំ​ទាំង ១២ ដែល​មាន​ឈ្មោះ​សត្វ​នៅ​ក្នុង​នោះ គឺ​ទំនង​មក​ពី​ការ​ចម្លង​វប្បធម៌​ចិន​លាយ​ឡំ​ខ្លះ​ជាមួយ និង​វប្បធម៌​ខ្មែរ។ ប៉ុន្ដែ ឈ្មោះ​សត្វ​ទាំង ១២ របស់​ចិន ដែល​គេ​យក​មក​រាប់​សម្រាប់​ឆ្នាំ​ទាំង ១២ នោះ​មាន​ការ​ខុស​គ្នា​មួយ​ចំនួន និង​ការ​រាប់​ឈ្មោះ​សត្វ នៅ​ក្នុង​ឆ្នាំ​ទាំង ១២ របស់​ខ្មែរ។

ការ​ខុស​គ្នា​នោះ​គឺ​ត្រង់​ថា ឆ្នាំ​ខាល​របស់​ខ្មែរ គឺ​តំណាង​ឆ្នាំ​ជា​សត្វ​ខ្លា។ ប៉ុន្តែ ចិន​តំណាង​ដោយ​សត្វ​ឆ្មា ហើយ​ត្រង់​កន្លែង​ឆ្នាំ​ឆ្លូវ​របស់​ខ្មែរ គឺ​តំណាង​ដោយ​សត្វ​គោ ប៉ុន្តែ​ចិន​វិញ​គេ​យក​សត្វ​ក្របី​មក​តំណាង​ឲ្យ​ឆ្នាំ​ឆ្លូវ។
លោកអ៊ឹម បុរិន្ទ ៖ «ប៉ុន្តែ​សំខាន់​គឺ​នៅ​លើ​កណ្ដុរ​ទេ ថា​ហេតុ​អី​បាន​ជា​កណ្ដុរ​បាន​មក​ជា​ឆ្នាំ​ទី​១ ដោយ​សារ​តែ​កណ្ដុរ​គេ​បាន​សង្កេត​ឃើញ​ខ្លួន​របស់​វា​ហ្នឹង​មាន​លក្ខណៈ​ពីរ​ប្រភេទ ៖ ជើង​មុខ​មាន​ចំនួន​ម្រាម ៥ ជើង​ក្រោយ​មាន​ម្រាម ៤។ ហេតុ​ហ្នឹង​ហើយ​គេ​ចង់​បញ្ជាក់​ថា តួ​ខាង​មុខ​វា​ជា​យ៉ាន ខាង​ក្រោយ​ជា​យិន។ អា​ហ្នឹង​ទៅ​តាម​ប្រក្រតីទិន​យក​មក​ធ្វើ​ជា​លេខ​ហោរា​នោះ»។

ទាក់ទង​ទៅ​នឹង​ការ​កកើត​ឆ្នាំ​ទាំង ១២ ដោយ​យក​ឈ្មោះ​សត្វ​ចំនួន ១២ មក​ជា​តំណាង​ឆ្នាំ និង​យក​សត្វ​កណ្ដុរ​ថា​ជា​ឆ្នាំ​ទី​១ ហើយ​ថា​អាច​ជា​ការ​ចម្លង​ពី​វប្បធម៌​ចិន និង​ជា​រឿង​ព្រេង​និទាន​ខ្មែរ​នោះ គេ​ឃើញ​មាន​ការ​អះអាង​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា អាច​ទំនង​មក​ពី​វប្បធម៌​ឥណ្ឌា និង​តាម​លក្ខណៈ​ព្រហ្មញ្ញ​សាសនា។
អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្បធម៌​មួយ​ចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​ទាំង ១២ នោះ គេ​ឃើញ​មាន​សំដែង​ខ្លះ​ដែរ នៅ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា។

លោក មាសលី អាចារ្យ​មួយ​រូប​នៅ​ខេត្ត​កំពង់ចាម ដែល​បាន​ស្រាវជ្រាវ​អំពី​រឿង​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា គឺ​មាន​នៅ​ក្នុង​បឋមកប្ប ដែល​ជា​កប្ប​កកើត​ផែនដី​ដំបូង ហើយ​ពេល​នោះ​មាន​នរវិទូ​អ្នក​ចេះ​ដឹង​បាន​ស្វែង​រក​សត្វ​ទាំង​ឡាយ ដែល​បាន​កើត​ឡើង​លើ​ផែនដី ដើម្បី​មក​បង្កើត​កំណត់​ជា​ឆ្នាំ។

លោក មាស លី ៖ «នរវិទូ​ទាំង​ឡាយ​នោះ​លោក​បាន​ស្វែង​រក​ឃើញ​ថា សត្វ​កណ្ដុរ​ ជា​សត្វ​បាន​កកើត​ឡើង​មុន​គេ​ក្នុង​ចំណោម​សត្វ​ទាំង​ពួង។ រហូត​មក​មាន​សត្វ​គោ ខ្លា សត្វ​ទន្សាយ ពស់ (ពស់​មាន​ពីរ​ប្រភេទ គឺ​សត្វ​ពស់​នាគរាជ និង​ធម្មតា) សត្វសេះ ពពែ ស្វា មាន់ ឆ្កែ សត្វ​ជ្រូក ជាបរិយោសាន (ទីបញ្ចប់)។ ដូច្នេះ នរៈវិទូ​ហ្នឹង​ក៏​នាំ​គ្នា​ប្រតិស្ឋ​អធិដ្ឋាន​ឡើង​ថា​ឆ្នាំ​ជូត​ហ្នឹង សត្វ​កណ្ដុរ​ជា​ឆ្នាំ​ទី១»។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បង្កើត​ឆ្នាំ​ទាំង ១២ ហើយ​មាន​រួម​បញ្ចូល​យក​ឈ្មោះ​សត្វ​មក​តំណាង​ឲ្យ​ឆ្នាំ​នីមួយៗ ដែល​មាន​សត្វ​កណ្ដុរ​នៅ​ខាង​ដើម​ជា​ឆ្នាំ​ជូត ហើយ​និង​សត្វ​ជ្រូក​តំណាង​ឆ្នាំ​កោរ​នៅ​ខាង​ឆ្នាំ​បញ្ចប់​នោះ គេ​អាច​ថា ទំនង​មក​ពី​អ្នក​ស្រាវ​ជ្រាវ​បុរាណ​លោក​ពិនិត្យ​មើល​ទៅ​លើ​ចរិត ឬ​កិរិយា​មារយាទ​របស់​សត្វ​ទាំង​ឡាយ​នោះ ដើម្បី​ប្រៀប​នឹង​ចរិត​លក្ខណៈ​របស់​មនុស្ស ដូចជា​សត្វ​កណ្ដុរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សត្វ​ពូកែ​ខាង​ស្ដាប់​សូរ ហើយ​សត្វ​គោ​ថា ជា​សត្វ​រង​កម្ម​ត្រូវ​គេ​ប្រើ ជា​សត្វ​ល្ងង់​ជា​ដើម៕

http://www.rfa.org/khmer

បានចុះផ្សាយក្នុង សិល្បៈ វប្បធម៌ | Leave a Comment »

ប្រវត្តិទង់ក្រពើ

Posted by phearykh ​នៅ ខែ​ឧសភា 7, 2011

tungkroper

បានចុះផ្សាយក្នុង គ្មាន​ចំណាត់ក្រុម | បានដាក់​ពាក្យ​គន្លឹះ: | Leave a Comment »

ការបែកបាក់​ចេនឡា​ជា​ពីរ​ក្សត្រិយ​ទេស​៖ ចេនឡា​ទឹក នឹង​ចេនឡា​ដីគោក

Posted by phearykh ​នៅ ខែ​ឧសភា 6, 2011

​ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះ ម៉ា​តួន លីន ។ កាលប្រវត្តិ​នៃ​ព្រះរាជ​វង្ស​ថា​ង បាន​កត់សម្គាល់ថា ក្រោយពី​សម័យ​ចេ​ន​-​ឡុង នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក ។ ទាក់ទិន​ទៅនឹង​ចេនឡា​ទឹក ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង គឺជា​តំបន់​មួយ​សម្បូរ​ទៅដោយ​បឹងបួរ ហើយ​ស្ថិត​ជាប់​នឹង​ឆ្នេរសមុទ្រ ។ រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ ព្រៅ ។​

​យើង​ក៏​ដឹង​ទៀតថា ទំហំ​របស់​ចេនឡា​ទឹក គឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត បា​លា​ទិ​ត្យ​បុ​រៈ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក ។ ចំពោះ​ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថា ត្សៀ គី​វ ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះ បាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើក ជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស ។ ម្យ៉ាងវិញទៀត គឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិន នៅ​ឆ្នាំ ៧៥៤ ។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ព តទល់​នឹង​នគរ​ណាន​ចៅ ។ បន្ទាប់មក មាន​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​គឺមាន ឧ​ប​យុ​រាជ​ខ្មែរ​មួយអង្គ ព្រះនាម​ថា ព​-​មី ដែល​បាន​ស្តេចយាង​ទៅកាន់​ប្រទេស​ចិន​ដែរ ហើយ​នៅ​ឆ្នាំ ៧៩៩ មាន​ប្រតិភូ​ទូត​ខ្មែរ​ចុងក្រោយបង្អស់​មួយទៀត របស់​ចេនឡា​ដីគោក ទៅកាន់​ប្រទេស​ចិន ដឹកនាំ​ដោយ លី ទូវ​គី ។

​ការស្រាវជ្រាវ​របស់លោក ហ្ស៊​ក ម៉ា​ស្ពេ​រ៉ូ បាន​ឲ្យ​ដឹងថា តាមពិតទៅ ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​ក្សត្រិយ​ទេស​ទាំងពីរ នៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ។ ការដែល​ចិន​ហៅថា ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​កត្តា​បង្ហាញ​នូវ​ស្ថានភាព​ភាព​បែកបាក់ ប្រេះឆា​ខាង​នយោបាយ​ក្នុង​អតីតកាល ។ លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្សត្រិយ​រដ្ឋ​ទាំងពីរ​ខាងលើនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​កម្ពុជទេស ដោយហេតុថា វង្ស​ត្រកូល​របស់​ព្រះបាទ​យ​សោ​វរ្ម័ន នា​សម័យ​មហា​អង្គរ​បាន​ចាប់​ពន្លក​ក្នុង​ដែនដី នៃ​ចេនឡា​ដែនដី​គោក ។ លោក​បាន​បន្តទៀតថា ចេនឡា​ទឹក គឺ​វ្យា​ធ​បុ​រៈ ឬ​អង្គរបុរី ដែលជា​រាជធានី​របស់​នគរ​ភ្នំ ។ រីឯ​ចេនឡា​គោក គឺ​ស​ម្ភុ​បុ​រៈ ឬ​សម្បូរ​ណ៍​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ស្រេ​ស្ឋ​បុ​រៈ ក្បែរ​វត្ត​ភូ នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ន ។ តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ពុំបាន​កំណត់​ទីតាំង​នៃ​មណ្ឌលកណ្តាល​នៃ​ចេនឡា​គោក ឲ្យ​បានច្បាស់លាស់​នៅឡើយ ។

ចំណែក​លោក ហ្ស៊​ក ស៊ឺ​ដេ​ស វិញ លោក​ក៏បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ដែរ ។​លោក​បានចេញ​យោបល់​រួម​ថា វ្យា​ធ​បុ​រៈ ដែល​ភាគច្រើន​ស្ថិតនៅ​បាភ្នំ​ជាង​នៅ​អង្គរបុរី គឺជា​ឈ្មោះ​របស់ ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ ។ ពោលគឺ​មិនមែន​ចេនឡា​ទឹក ដូច​មាន​ក្នុង​ខ្លឹមសារ​សិលាចារឹក របស់​ព្រះបាទ​យ​សោ​វរ្ម័ន​នោះទេ ។

សូមជម្រាបថា សព្វថ្ងៃនេះ តាមរយៈ​របកគំហើញ​ថ្មី​ខាង​បុរាណវិទ្យា យើង​អាច​កែលំអ​ទស្សនាទាន របស់​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ខាងលើនេះ ។ តាមពិតទៅ ការស្រាវជ្រាវ​កន្លងមក​នេះ បាន​ឲ្យ​ដឹងថា វ្យា​ធ​បុ​រៈ គឺ​ស្ថិតនៅ​អង្គរបុរី នៅ​ខេត្តតាកែវ ពុំមែន​នៅ​បាភ្នំ នៅ​ខេត្តព្រៃវែង នោះទេ ។​

​គួ​បញ្ជាក់​ផងដែរ​ថា ចេនឡា​គោក វេន​តាន / ព​-​លូវ គឺជា​ទីតាំង​ដើម​របស់​សន្តតិវង្ស​ខ្មែរ​នា​សម័យ​ចេនឡា ដែល​ធ្លាប់ជា​ប្រទេស​ចំណុះ​របស់​នគរ​ភ្នំ ហើយ​បាន​ឲ្យ​កំណើត ជា​សន្តតិវង្ស​ខ្មែរ​នា​សម័យអង្គរ​នោះ ។  ចំពោះ​យើង យើង​ជឿថា ទីតាំង​របស់​ចេនឡា (​ដីគោក​) ស្ថិតនៅ​ម្តុំ​វត្ត​ភូ​យ៉ាង​ប្រាកដ ដែលមាន​ឈ្មោះថា ស្រេ​ស្ឋ​បុ​រៈ ក៏ប៉ុន្តែ​ឥទ្ធិពល​នៃ​ចេនឡា​បាន​លាតសន្ធឹង រហូតដល់​តំបន់​ខ្ពង់រាប​នគររាជ​សីមា ជាពិសេស​រវាង​ដងស្ទឹង​ស្រែ​មូល និង​ស្ទឹង​ស្រែ​ជី​ថែម​ទៀតផង ដូច​វត្តមាន​របស់​សិ​ល្បៈ ស្ថាបត្យកម្ម​ប្រាសាទខ្មែរ និង​សិលាចារឹក​ជា​សក្ខីភាព​ស្រាប់ ។

​ម្យ៉ាងវិញទៀត យោងតាម​ទស្សនៈ​របស់លោក ហ្ស៊​ក ស៊ឺ​ដេ​ស និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចុងក្រោយបង្អស់ យើង​អាច​និយាយបានថា ឈ្មោះ​មូល​ទេស ដែលមាន​ក្នុង​សិលាចារឹក ពិតជា​បាន​ឲ្យ​កំណើត​ទៅ​ឈ្មោះ នៃ​ដងស្ទឹង​ស្រែ​មូល នៅ​ប្រទេស​សៀម​បច្ចុប្បន្ន ដែលជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែនដី​គោក ។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការហៅ​ស្ទឹង​ស្រែ​មូល​ខាងលើនេះ ដែល​សៀម​ថា សេ​មូ​ន មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​គឺជា​ប្រពៃណី​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​សុទ្ធសាធ ពោលគឺ​បាន​រក្សា​នូវ​ស្លាកស្នាម​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​ សម័យ​ដើម តាមរយៈ​ស្ថាន​នាម ។ មានន័យថា មណ្ឌល​អំណាចកណ្តាល​របស់​ចេនឡា​គោក (​វេន​តាន​) គឺ​ស្រេ​ស្ឋ​បុ​រៈ ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​នៃ​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ន តែ​បាន​គ្រប់គ្រង​លើ​តំបន់​នានា នៃ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​ប្រទេស​កម្ពុជា​ដូចជា ខេត្តស្ទឹងត្រែង​, កំពង់ចាម​និង​កំពង់ធំ​ជាដើម ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ទីក្រុង​ឥសាន​បុ​រៈ ឬ​សម្បូរ​ព្រៃ​គុក​ជា​មជ្ឈមណ្ឌល​នយោបាយ​ក​ណ្តា​ល ៕ (​ម​.​ត្រា​ណេ​)​

http://www.cen.com.kh

បានចុះផ្សាយក្នុង ប្រវត្តិសាស្រ្ត | Leave a Comment »

​ប្រភព​នៃ​ពាក្យ ខម (​ក្រោម​) និង ខ្មេន​/​ខេ​មរ (​ខ្មែរ​)

Posted by phearykh ​នៅ ខែ​ឧសភា 6, 2011

​ជនជាតិ​ខ្មែរ​ត្រូវបាន​ជនជាតិ​ជិតខាង​ឲ្យ​តម្លៃ​ថា​ជា​ជនជាតិ​មួយ ដែល​ធ្លាប់​ជា​ម្ចាស់​នៃ​ផែនដី​សុវណ្ណ​ភូមិ ក្នុងខណៈដែល​ដូនតា​របស់​ខ្លួន​ជា​អន្តោប្រវេសន៍ ។ ការ​ដែល​វាយតម្លៃ​យ៉ាងខ្ពស់​ដូច្នេះ បណ្តាល​មកពី​នៅ​លើ​ភូមិភាគ​នៃ​អាស៊ីអាគ្នេយ៍​ដែន​គោក គេ​បាន​រកឃើញ​នូវ​ស្លាកស្នាម​វប្បធម៌ របស់​បុព្វការី​ជន​នៃ​ប្រជាជាតិ​ខ្មែរ យ៉ាងច្រើន​លើសលុប ។ សច្ចភាព​មួយទៀត ក៏​អាច​ឆ្លុះបញ្ចាំង តាមរយៈ​ឥទ្ធិពល​លើ​វិស័យ​ភាសា​សាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​សាសនា និង​វិស័យ​វិចិត្រសិល្បៈ ដែល​មាន​សារៈសំខាន់​សម្រាប់​ការស្វែងយល់​អំពី​ខ្មែរ ។

​ក្នុង​ដំណើរការ​នៃ​ប្រវត្តិសាស្ត្រ ដែល​មាន​វ័យ​ចំណាស់​ដ៏​យូរលង់ យើង​ក៏​បាន​ដឹង​ដែរ​ថា ជនជាតិ​ខ្មែរ​ត្រូវ​ជនជាតិ​ថៃ​ហៅថា ខម  ឬ ខ្មេន ដែល​ជា​ជាតិពន្ធុ​នាម ។ តើ​ពាក្យ ខម និង ខ្មេន មាន​ប្រភព​ចេញ​ពី​ណា​មក ?

​យើង​មាន​ភស្តុតាង​យ៉ាង​ពិតប្រាកដ​ណាស់​ថា ជនជាតិ​មន និង​ភូមា នៅ​ប្រទេស​ភូមា ក៏​ដូច​ជា​ជនជាតិ​ថៃ នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ព្រមទាំង​ជនជាតិ លា​វ ដែល​ស្ថិត​ក្នុង​អំបូរ​តែមួយ​ពួកគេ​ហៅ​ខ្មែរ​ថា ខម តាំង​តែ​ស​.​វ ទី ១២-១៣ ម្ល៉េះ ។ តាមរយៈ​ព្រះ​រាជពង្សាវតារ​ឈ្មោះ វិមាន​កែវ ( The Glass Chronicle ) ដែល​ក្នុងនោះ​មានការ​ពិពណ៌នា​អំពី​ការយាង​ទៅ​កាន់​កោះ​ស្រីលង្ការ ព្រះអង្គម្ចាស់​តាម​លិ​ន្ទ ដែល​ត្រូវជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​អាច​ដឹងថា ជនជាតិ​ភូមា ក៏​ដូច​ជា​ជនជាតិ​ថៃ អ្នក​ចំណូល​ថ្មី​ហៅ​ជនជាតិ​ខ្មែរ​ថា ក្រោម (Krom)​ក្នុងន័យ​ខ្មែរក្រោម ឬ គ្លុម (Glum) តាំងពី​បុរាណកាល​មក ។ រីឯ​ជនជាតិ​មន​វិញ ដែល​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ​នោះ ពួកគេ​ក៏​ហៅ​ជនជាតិ​ខ្មែរ​ថា ក្រោម (Krom) ដែរ ។ ឧបករណ៍​ជាក់ស្តែង​មួយទៀត ក្នុង​ឯកសារ​ដដែល​គឺ​ក្នុង​ចម្បាំង​ដ៏​ធំ​មួយ​រវាង​ជនជាតិខ្មែរ និង ភូមា​នៅ​ទីក្រុង ប៉េគូ (Pegu)  ឬ​បាយ​គូ (Paygu) ទ័ព​ភូមា​ហៅ​កងទ័ព​ខ្មែរ​ថា ជនជាតិ​ក្រោម ។ នេះ​ជា​រឿង​មួយ ដែល​បាន​ចារឹក​កត់ត្រា​ទុក​នៅ​ក្នុង​ព្រះ​រាជពង្សាវតារ​វិមាន​កែវ​ដែរ ។ គឺ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ជនជាតិ​សៀម​និង​លា​វ ដែល​រួម​ឈាមជ័រ​ជាមួយគ្នា តាំង​ឈ្មោះ​ឲ្យ​ខ្មែរ​ថា ខម ដូចគ្នា ដោយ​និរុត្តិសាស្ត្រ ។

​សូម​កត់សម្គាល់ថា នៅទីនេះ ពាក្យ​ក្រោម ឬ ខម ដែល​កើតចេញ​ពី​ស័ព្ទ ខ្មែរក្រោម ដែល​សំដៅ​ឲ្យ​ជនជាតិខ្មែរ (​ក្រោម​) ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក នៅ​ខាង​ផ្នែក​ខាងក្រោម នៃ​ជួរ​ភ្នំ​ដងរែក ពោល​គឺ​នៅ​តាម​វាលទំនាប​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ។ ឧទាហរណ៍​ជាក់ស្តែង ជនជាតិ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សីមា​,​សុ​រិន្ទ្រ​,​បូរី​រម្យរ មែ​ង​តែ​តាំងខ្លួន​ថា ពួកគេ​ជា​ខ្មែរលើ ហើយ​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ ជា​ខ្មែរក្រោម​ទៅវិញ ។ មានន័យ​ថា ពួកគេ​គឺជា​ខ្មែរ​ដែល​រស់នៅ​លើ​ខ្ពង់រាប​នគររាជ​សីមា  ។ តាមពិតទៅ ស្ថានភាព​នេះ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទៅ​នឹង​ស្ថានភាព​នៃ​ជនជាតិ​ខ្មែរ​ក្រោម ដែល​រស់នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃនេះ ដែល​ជា​ដែនដី​សណ្ត​ឬ​វាលទំនាប ។ ម្យ៉ាងវិញទៀត ការ​ដែល​ប្រជាជន​ខ្មែរ​ហៅ​សហគមន៍​ខ្មែរ​ដើម​ភាគតិច ដែល​រស់នៅ​តាម​តំបន់​ខ្ពង់រាប ព្រៃភ្នំ ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនៈគិរី​ជាដើម​ថា ជា​ខ្មែរលើ ក៏​មិន​ត្រូវ​ធ្វើឲ្យ​យើង​ងឿងឆ្ងល់​ដែរ ។

សង្ខេប​សេចក្តី​មក ពាក្យ ខម ដែល​កើតចេញ​ពី​ពាក្យ​ក្រោម គឺជា​ពាក្យ​បំព្រួញ​នៃ​ពាក្យ​ខ្មែរ​ក្រោម​ដោយ​ពិតៗ ហើយ​ដែល​ជា​ឈ្មោះ​នៃ​ប្រជាជន​ខ្មែរ ដែល​រស់នៅ ទាំង​លើ​ខ្ពង់រាប​នគររាជ និង​ផ្នែក​ខាងក្រោម​នៃ​ខ្ពង់រាប ទាំង​នៅ​តាម​វាលទំនាប​នៃ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា ដែល​តាំង​លំនៅ​ដោយ​ជនជាតិ​សៀម​ឬ​ថៃ ។ រីឯ​ពាក្យ​ខ្មេន​វិញ គឺ​កើត​ចេញពី​ស័ព្ទ​ខ្មែរ​។ ក្នុង​វេយ្យាករណ៍​ថៃ​ពុំ​មាន​ព្យាង្គ​អក្សរ​សរសេរ​ត្រួត​លើ​គ្នា​ទេ ទើប​គេ​អាន​ចេញ​សំនៀង ខ្មេន ។ សូម​កត់សម្គាល់​ផងដែរ​ថា ពាក្យ ខម ឬ​ខ្មេន ត្រូវបាន​ជនជាតិ​សៀម​ឬ​ថៃ​ពេញនិយម​តាំង​តែ​សម័យ​វប្បធម៌​បាយ័ន រហូតមកដល់​សព្វថ្ងៃ​នេះ ដោយ​ស័ព្ទ​នេះ​មិន​បាន​កែប្រែ​ឡើយ ។ ទាំងនេះ ស ឲ្យឃើញថា ពាក្យ​ខម​ពិតជា​មិន​ត្រូវបាន​បង្កើតឡើង​ដោយ​ការបំព្រួញ នៃ​ស័ព្ទ​ទាំង​ពីរ​គឺ​ពាក្យ​ខ្មែរ​និង​មន​ជាដាច់ខាត ។​

​ជាទី​បញ្ចប់ សូម​ជម្រាប​ផងដែរ​ថា កុលសម្ព័ន្ធ​ខ្មែរលើ​ដូចជា ពួក​ជង ស្អូច និង ព័រ​ជាដើម ពួកគេ​ក៏​ហៅ​ជនជាតិខ្មែរ​យើង​ថា ក្រោម ដែរ ដោយ​រក្សាបាន​នូវ​អត្ថន័យ​ដូចគ្នា ។ ចំពោះ​ពួក​ចរាយ​និង​សេ​ដាំ​ង ពួកគេ​ហៅ​ជនជាតិ​ខ្មែរ​ថា បង​ត្រួង ឬ​ព្រហ្ម​ទៅវិញ ។

​ជារួម ពាក្យ​ក្រោម និង ខម ដែល​ជា​ជាតិពន្ធុ​នាម ក្នុង​បរិបទ​វប្បធម៌ ថៃ​-​លា​វ ពិតជា​កើត​ចេញពី​ពាក្យ​ក្រោម​ដែល​សំដៅ​ទៅលើ​ជនជាតិ​ខ្មែរ​យ៉ាង​ប្រាកដ ។ ពាក់ព័ន្ធ​ទៅនឹង​ប្រភព​នៃ​ពាក្យ​ខ្មែរ​វិញ យើង​មាន​ហេតុផល​ជា​ច្រើន​ដែល​ឲ្យដឹងថា ពាក្យ​នេះ​ពិតជា​បាន​កើតចេញ​ពី​ពាក្យ ក្មេរ នា​សម័យ​បុរេ​អង្គរ​និង​អង្គ​រយ៉ាង​ប្រាកដ ហើយ​ដែល​ជា​ឈ្មោះ ដែល​ប្រជាជន​ខ្មែរ តាំង​ឈ្មោះ​របស់​ជាតិ​សាសន៍​ខ្លួនឯង​ដោយ​ផ្ទាល់ ។ ដូចគ្នា​នឹង​នេះដែរ យើង​ក៏​អាចនិយាយបាន​ថា ពាក្យ​ខ្មែរ​មិនមែន​កើតចេញពី​ពាក្យ ក​ម្ពុ និង មេ​រា ឡើយ ដូចដែល​គេ​បាន​យល់​ដោយ​ភ័ន្តច្រឡំ​នោះទេ ៕ (​ម​.​ត្រា​ណេ​)​

ពី​www.cen.com.kh

បានចុះផ្សាយក្នុង ចំណេះដឹង | Leave a Comment »

ពាក្យសម្បថ​ចំពោះ​ព្រះបាទ​សុរិយា​វរ្ម័នទី​១

Posted by phearykh ​នៅ ខែ​ឧសភា 6, 2011

​កាតព្វកិច្ច​និង​លក្ខន្តិកៈ​របស់​មន្ត្រីរាជកា​រ​គ្រប់​ជាន់ថ្នាក់ ក្នុង​រាជរដ្ឋាភិបាល​នា​សម័យអង្គរ គឺជា​សក្ខីភាព​ឥត​លំអៀង​ចំពោះ​ជាតិ ដែល​តំណាង ដោយ​ព្រះមហាក្សត្រ​ដូច​ខ្លឹមសារ​នៃ​ពាក្យសម្បថ ឬ​ពាក្យ​សច្ចាប្រណិធាន​ចារ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ នៅ​ឆ្នាំ ១០១១ នៃ​គ​.​ស ជា​ភស្តុតាង ។​

​កន្លងមកនេះ យើង​បាន​សិក្សា​ឯកសារ​នេះ​ម្តង​រួចមកហើយ តែ​មិនបាន​ពិនិត្យ​សិលាចារឹក​ផ្ទាល់ ដោយ​គ្រាន់តែ​បាន​ប្រែ​ខ្លឹមសារ​ចេញ ពី​អត្ថបទ​សរសេរ​ជា​ភាសា​បារាំង ដោយ​លោក ហ្ស៊​ក ស៊ឺ​ដេ​ស ប៉ុណ្ណោះ ។ ដោយ​យល់ឃើញថា អត្ថបទ​សិលាចារឹក​នេះ មាន​សារៈសំខាន់​និង​អត្ថប្រយោជន៍ ក្នុងការ​ស្វែងយល់​អំពី​សង្គម​ខ្មែរ​បុរាណ បានជា​ថ្ងៃនេះ​យើង​សូម​យកមក​ផ្សព្វផ្សាយ​ឡើងវិញ ។ យើង​អរ​ណាស់ ចំពោះ​វិភាគទាន​របស់លោក ហម ឆា​លី ដែល​បាន​សរសេរ​អត្ថបទ​នេះ​ទាំងស្រុង​ឡើងវិញ ជា​ភាសា​ខ្មែរ​ទំនើប ដូច​សេចក្តី​នៅ​ខាងក្រោម​នេះ :

នៅ​មហាសករាជ ៩៣៣ ៩​កើត ខែភទ្របទ ថ្ងៃអាទិត្យ នេះ​គឺជា​ពាក្យសម្បថ​យើងទាំងអស់គ្នា ដែល​នៅ​ជា​ភាគ​តម្រួច (​ឯក​, ទោ​, ត្រី​ណិ និង ចត្វា​វិ​) វេលា​សម្បថ​នេះ យើង​សូម​កាត់​ដៃ ថ្វាយ​ជីវិត ដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​របស់​យើង ចំពោះ​ព្រះបាទ​សម្តេចព្រះ​ស្រី​សូរ្យ​វរ្ម័ន យើង​សូម​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​ព្រះ​អគ្គី (​ព្រះ​ភ្លើង​) ព្រះ​រតនវត្ថុ និង​ព្រា​ហ្ម​ណា​ចា​រ្យ​ទាំងអស់ ។ យើង​មិន​គោរព​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ត្រិ​យ៍​ណា​ដទៃទៀត ក្រៅពី​ព្រះអង្គ​ឡើយ ។ យើង​មិន​ក្លាយទៅជា​ខ្មាំងសត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ ។

អំពើ​ទាំងឡាយណា ដែល​កើតចេញពី​សេចក្តី​កតញ្ញូ​ភក្តី ចំពោះ​ព្រះបាទ​ស្រី​សូរ្យ​វ​ម៌​ទេព​នោះ យើង​គប្បី​ខិតខំ​ធ្វើ ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុត ឲ្យ​អស់ពី​សន្តាន​ចិត្ត​យើង មិន​គិត​ស្ងួន (​សំចៃ​) នូវ​ជីវិត​យើង ដោយ​ភក្តីភាព​របស់​យើង​ចំពោះ​ព្រះអង្គ ឥត​រត់​គេចវេស​ពី​សង្គ្រាម​ចម្បាំង​ឡើយ ទោះបី​ពេល​ឥតមាន​ចម្បាំង ។ បើសិនជា​យើង​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​ខ្លួន យើង​នឹង​សូម​ឲ្យ​ការទទួល​ផល​ល្អ នៃ​ភាពស្មោះត្រង់ ចំពោះ​ព្រះមហា​ក្សត្រិយ៍​កើតមាន​ដល់​យើង ។ បើសិនជា​យើង​អាច​បម្រើរាជការ​រហូត​ដល់​អស់​ជីវិត​នុះ យើង​ស្លាប់​ដោយ​ប្រកា​រណាៗ​មួយ គួរ​យើង​ស្លាប់​យ៉ាងនេះ​ដោយ​ភក្តីភាព ។​

ប្រសិន​បើ​ក្នុង​រាជការ​នៃ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព ព្រះអង្គ​មាន​ព្រះរាជបន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយ ព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មាន​ផ្សេងៗ នោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយ ឲ្យ​ដឹង​អស់​ហេតុការណ៍​ពិតៗ ឲ្យ​បាន​ក្បោះក្បាយ តាម​គន្លង​ពាក្យសម្បថ​នៃ​យើង​គ្រប់ៗ​ ប្រាណ ។ ​ ​

បើសិនជា​យើង​មិនបាន​គោរព​តាម​ព្រះ​រាជបញ្ជា ពាក្យសម្បថ​នេះ​ទេ យើង​សូម​ឲ្យ​ព្រះមហា​ក្សត្រិយ៍ ដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគត ដាក់ទណ្ឌកម្ម​ដល់​យើងខ្ញុំ កុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ ។

បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ ខុស​អំពី​ពាក្យសម្បថ​នេះ សូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក ៣២ ជាន់ រហូតដល់​អស់​ព្រះអាទិត្យ និង​ព្រះ​ចន្ទ ។​

បើសិនជា​យើងទាំងអស់គ្នា គោរព​តាម​ព្រះរាជ​បញ្ជា ដោយ​បរិសុទ្ធ តាម​ពាក្យសម្បថ​នេះ សូម​ឲ្យ​ព្រះមហា​ក្សត្រិយ៍​ចេញ​ព្រះរាជ​បញ្ជា ដើម្បី​ឲ្យ​ទូលបង្គំ បាន​នៅ​ថែរក្សា​ការកសាង​បុណ្យ​បារមី​ព្រះអង្គ នៅក្នុង​ព្រះ​នគរ​យើង និង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើង ដោយ​សេចក្តីសុខ ។ ស្វាមី​ភក្តី​របស់​យើង​ចំពោះ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព ដែល​ព្រះអង្គ​ទ្រង់​បាន​គ្រងរាជ្យ​ពេញលក្ខណៈ តាំងពី​មហាសករាជ ៩២៤ (​ត្រូវ​នឹង​ឆ្នាំ ១០០២ នៃ​គ្រិ​ស្គ​សករាជ​) ។ លទ្ធផល​នៃ​ស្វាមី​ភក្តី​របស់​យើង តាំងពី​លោក​យើង​នេះ រហូតដល់​បរលោក ” ។​

តាមរយៈ​ខ្លឹមសារ​នៃ​អត្ថបទ​សិលាចារឹក យើង​ឃើញ​នូវ​ចរិយា​ធម៌​និង​គុណធម៌​ដ៏​ជ្រាលជ្រៅ​របស់​មន្ត្រី​ខ្មែរ​នា​ស័​យ​អង្គរ គួរ​ជាទី​កោត​ស​សើរ​ក្រៃលែង ជាពិសេស​ក្នុងខណៈដែល​ប្រទេស​ខ្មែរ កំពុង​ប្រឈមមុខ​នឹង​ភាព​បះបោរ​មួយចំនួន​ក្នុង​ចក្រភព​កម្ពុជទេស ។ ដូចនេះ​មូលហេតុ​នៃ​សិលាចារឹក​នេះ គឺជា​ការបញ្ជាក់​ភក្តីភាព របស់​សព្វ​នាម៉ឺន​មន្ត្រី​ចំពោះ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ដែល​កំពុង​ដឹកនាំ​ប្រទេសជាតិ​ក្នុងសម័យ​នោះ ។​

ទាក់ទិន​ករណី​ពាក្យសម្បថ​នេះ បើតាម​ការបញ្ជាក់​អះអាង​ពី​សិលាចារឹក​ភាគ​សរសេរ​ជា​ភាសាសំស្ក្រឹត (Ka 18) បាន​ឲ្យ​ដឹងថា មានការ​បង្ក្រាប​សហគម​ន៍​មន រស់នៅ​ម្តុំ​ល្វ​បុរី ដែល​បាន​បង្កហេតុ​ការណ៍​ជា​អវិជ្ជមាន​ដល់​អាជ្ញាធរ​ខ្មែរ នា​ជំនាន់​នោះ ។ ទីក្រុង​មន​ខាងលើនេះ​ត្រូវ​ដុតបំផ្លាញ ប៉ុន្តែ​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ក្រោយពី​យុទ្ធនា​ការបង្ក្រាប​និង​លុបបំបាត់​រាល់​អំពើ​បះបោរ ទ្រង់​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​សាងសង់ ទីក្រុង​ល្វ​ដូចដើម​ឡើងវិញ ។ ហើយ​បន្ទាប់មក សណ្តាប់ធ្នាប់​និង​ភាពរុងរឿង នៃ​ទីក្រុង​ខាងលើនេះ ក៏បាន​កើតមានឡើង ។​

គួរ​រំលឹក​ផងដែរ​ថា ចំពោះ​ប្រមុខ​ដឹកនាំ​នា​សម័យ​នោះ ការយល់ដឹង​អំពី​កាតព្វកិច្ច​របស់​មន្ត្រីរាជកា​រ​គ្រប់រូប ក្នុងការ​ចូលរួម​អនុវត្ត​ក្រិត​ក្រម​ច្បាប់ របស់​រដ្ឋ ជាពិសេស​ស្វាមី​ភក្តី​ចំពោះ​ប្រទេសជាតិ ដែល​តាមពិតទៅ​ត្រូវបាន​ផ្តើមឡើង មុន​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ទៅទៀត គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេចក្តីសុខ​សាន ថ្លៃថ្នូរ និង​រុងរឿង​ក្នុងសង្គម​ជាតិខ្មែរ ។ ហើយ​វឌ្ឍនភាព ត្រូវ​ផ្តើមចេញពី​ភក្តីភាព ដែលជា​គុណសម្បត្តិ​ដ៏​ឧ​ត្ត​ម​ឧ​ត្តុ​ង្គ និង​ជា​ប្រភព​នៃ​ឯកភាព​ជាតិ​ជា​ធ្លុង​មួយ​ជុំវិញ​ប្រមុខ​រាជរដ្ឋាភិបាល ពិតជា​នឹង​កើត​ឡើងជា​ស្ថាពរ​ពុំខាន ៕ (​ម​.​ត្រា​ណេ​)

ពី http://www.cen.com.kh

បានចុះផ្សាយក្នុង ប្រវត្តិសាស្រ្ត | Leave a Comment »

ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​ប្រើ

Posted by phearykh ​នៅ ខែ​ឧសភា 5, 2011

ខាងក្រោម​ជា​ពាក្យ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្ញុំ ​បាន​ឃើញ​នៅ​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោកគ្រូ ឈុន លិះ។ ពាក្យ​ទាំង​នេះ ត្រូវ​បាន​យក​មក​ប្រើ​មួយ​ចំនួន និង​ពាក្យ​មួយ​ចំនួន​បាន​កប់​បាត់​អត់​មាន​អ្នក​ស្គាល់។ ឧទាហរណ៍​ពាក្យ កសិករ មានន័យ​ថា អ្នក​ធ្វើ​ស្រែ​ចម្ការ, កម្មករ អ្នក​ធ្វើការ​ដោយ​កម្លាំង, កិន្នរ ឈ្មោះ​សត្វ​បក្សី, កុមារ ក្មេង​ប្រុស… ជា​ពាក្យ​ដែល​គេ​យក​មក​ប្រើ​ញឹកញាប់ ចំណែក​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​មាន​ពាក្យ​មួយ​សម្រាប់​ប្រើ គេ​ច្រើន​ប្រើ​ពាក្យ​ផ្សំ​ទៅវិញ ក្នុង​នោះ​មាន អ្នក+កិរិយាសព្ទ​(+នាម) ឬ ជាង+នាម ដែល​មាន​ដូចជា ជាង​ថ្នាំ ជាង​ឈឺ អ្នក​ជំងឺ អ្នក​រៀន ។ល។

សូម​មើល​ពាក្យ​ទាំង​នេះ​ខាងក្រោម៖

* កុម្ភការ – ជាង​ធ្វើ​ក្អម​ឆ្នាំង

* កំណោរ – ជាង​កោរ​សក់

* ចិត្តករ – ជាង​គំនូរ

* ចំបួរ, ចម្បួរ – ចំបួរ​ខាង​ម្ដាយ

* ឆាយាធរ – ព្រះចន្ទ

* ជលធរ – មេឃ

* ជូតការក៍ – អ្នក​លេង​ល្បែង​ស៊ីសង

* ជំបួរ – ជួរ​វង្សត្រកូល​ខាង​ប្រុស

* ទេពនិករ – ពពួក​ទេវតា

* និសាករ – ព្រះចន្ទ

* និសាចរ – អ្នក​ត្រាច់ចរ​ក្នុង​ពេល​វេលា​យប់

* បរិពារ, បរិវារ – អ្នក​ហែហម

* បារគូ – អ្នក​ដល់​ត្រើយ​នៃ​វិជ្ជា

* ពាឌីរ – កូន​ឈ្នួល

* ពាណិជ្ជការ – អ្នក​ធ្វើ​ជំនួញ

* ភត្តការ, ភត្តការី – អ្នក​ចម្អិន​អាហារ

* ភត្តាភិហារ – អ្នក​ចាត់ចែង​ភោជន

* ភមរ – ឃ្មុំ

* ភិក្ខាចរ – អ្នក​ដើរ​សុំ​ទាន

* ភិន្នោទរ – បងប្អូន​កើត​ពី​មាតា​ផ្សេង​គ្នា​រួម​បិតា​តែ​មួយ

* ភោជនាគារ – ផ្ទះ​លក់​ម្ហូប​អាហារ

* មណីការ – ជាង​ច្នៃ​ត្បូង ឬ​ពេជ្រ

* មាលាការ – អ្នក​ក្រង​ផ្កា

* យៅវ៍ – ក្រមុំ, កំលោះ

* រជក, រជកី ឬ រជិកា​(ស្រី) – អ្នក​ជ្រលក់​សំពត់ ឬ​អ្នក​លាប​ថ្នាំ​ពណ៌

* រជនី – រាត្រី

* រជនីករ – ព្រះចន្ទ

* រជនីចរ – បិសាច​ត្រេច​ក្នុង​ពេល​យប់

* រតនករ – អ្នក​ដឹង​ត្បូង

* រថការ – អ្នក​ធ្វើ​រថ

* រាជស្រឹង្គារ – ស្រី​ព្រះ​ស្នំ

* លញ្ឆការ – ជាង​ឆ្លាក់​ត្រា

* លិបិការ – ជាង​ឆ្លាក់​អក្សរ, ឆ្លាក់​ក្បាច់ក្បូរ

* លិម្បការ – ជាង​ឆ្លាក់​ត្រា * លេខាធិការ – ស្មៀន

* វចនករ,-ការ-ការកៈ-ការី – អ្នក​ស្ដាប់​បង្គាប់

* វនចរ, វនេចរ, ពនេចរ – ព្រានព្រៃ

* វាណវារ – អាវក្រោះ

* វាសរ, វាសរៈ – វេលា​យប់

* វាសវៈ – ព្រះឥន្ទ

* វាសាគារ – បន្ទប់​ដេក

* វិក្កយាគារ, វិក្រយាគារ – ផ្ទះ​លក់​ទំនិញ

* វិជ្ជាករ – អ្នក​បង្កើត​វិជ្ជា

* វិន័យធរ – អ្នក​ចេះ​វិន័យ

* វិភាករ – អ្នក​ធ្វើ​នូវ​ពន្លឺ

* វិស្វករ – អ្នក​ធ្វើ​ខាង​សំណង់

* វេគសរ – សេះ, លា

* វេស្សានរ – ភ្លើង

* វោការ – លាមក

* សត្តនិករ – ពួក​សត្វ

* សន្តិករ – អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព

* សភាចារ – ច្បាប់

* សសុរៈ – បិតា​ក្មេក

* សស្ស – សន្ទូង

* សស្សការ – អ្នក​ស្ទូង

* សហចរ – អ្នក​ដើរ​ជាមួយ

* សហោទរ – បងប្អូន​រួម​មាតា​តែ​មួយ

* សីតករ, សីតភានុ – ព្រះចន្ទ

* សីទន្តរ – សមុទ្រ​ទឹកកក

* សុករ – ជ្រូក

* សុធីរ – អ្នក​ដែល​មាន​ចំណេះ​ខ្ពស់

* សុរ – ទេវតា

* សុរាការ – អ្នក​បិត​ស្រា

* សុវណ្ណការ – ជាង​មាស

* សេដ្ឋការ – អ្នក​ធ្វើ​សេដ្ឋកិច្ច

* សោទរ – បងប្អូន​ប្រុស​រួម​ឧទរ​តែ​មួយ

* ស្កន្ទមារ – មារ​ជ្រែក

* ស្កន្ធាពារ – កងទ័ព

* ស្នំក្រមការ – ពួក​ស្រី​បម្រើ​ព្រះ​រាជា

* ស្មៀនស្មេរ – អ្នក​សរសេរ

* ហីរ – ពេជ្រ

* ហិរញ្ញការ, ហិរណ្យការ – ជាង​ប្រាក់

* ហីរការ – ជាង​ច្នៃ​ពេជ្រ

* ហុតករ,-ការ – អ្នក​បូរជា​ភ្លើង

* ហេមការ – ជាង​មាស

* ហោការ – អ្នក​ធ្វើ​ហោម គឺ​កិច្ច​បូជា​ទេវតា

* ហោរ – អ្នក​ចេះ​ទាយ

* អករ៍ – អ្នក​មិន​ធ្វើការ

* អនន្តរ – អ្នក​គ្មាន​ផ្ទះ, អ្នក​លះបង់​លំនៅ​ចេញ​ទៅ​បួស

* អនាគារ – អនន្តរ

* អនិស្សរជន – ជន​ដែល​មិន​មែន​ជា​ធំ​លើ​គេ

* អមរ – ទេវតា

* អមរនិករ – ពួក​ទេវតា

* អយស្ការ – ជាង​ដែក

* អហិតករ – អ្នក​ធ្វើ​អំពើ​ឥត​ផល​ប្រយោជន៍

* អាគារ, អាគារិយ – អ្នក​ដែល​មាន​ផ្ទះ

* អាជីវករ – អ្នក​ប្រកប​អាជីវកម្ម

* អាទិករ – អ្នក​ផ្ដើម​ធ្វើ​មុន​គេ

* អាទរមិត្ត – មិត្ត​ដែល​រាប់រក​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់

* អារាមករ – អ្នក​សាង​វត្ត

* អារាមាធិការ, អាវាសាធិការ – ចៅ​អធិការ​វត្ត

* អាវបនករ – អ្នក​ប្រកប​មុខរបរ​ខាង​ដាំ​ដំណាំ

* អាវុធករ – អ្នក​ធ្វើ​អាវុធ

* អាហារប័ណ្ណ – បញ្ជី​រាយ​មុខ​ម្ហូប​ដាក់​បង្ហាញ​ភ្ញៀវ

* ឧស្សាហករ – អ្នក​ធ្វើ​ឧស្សាហកម្ម

* ឧឡារមេធា – អ្នក​ប្រាជ្ញ​ឆើត

ពីប្លុក http://4khmer.wordpress.com

បានចុះផ្សាយក្នុង ចំណេះដឹង | Leave a Comment »

តើធ្វើយ៉ាងណាដើម្បីថែរក្សាការងារក្នុងពេលសេដ្ធកិច្ចកំពុងធ្លាក់ចុះ?

Posted by phearykh ​នៅ ខែ​មេសា 27, 2009

តើធ្វើយ៉ាងណាដើម្បីថែរក្សាការងារក្នុងពេលសេដ្ធកិច្ចកំពុងធ្លាក់ចុះ?

(ដកស្រង់ចេញពីទស្សនាវដ្ដី​ វិទ្យាសាស្រ្តកុំព្យូទ័រ)

ព័ត៌មានថ្មីៗស្ដីអំពីការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចលើពិភពលោកបានធ្វើឱ្យក្រុមហ៊ុនជាច្រើនបានផ្ដោត លើការកាត់បន្ថយនៃការចំណាយជាពិសេសលើប្រាក់ខែបុគ្គលិក។ សំរាប់សាកលភាវូបនីយកម្មបច្ចេកវិទ្យាយើងដឹងហើយថាការងារជាទ្រព្យសម្បត្ដិសំខាន់ណាស់សំរាប់ មនុស្សគ្រប់រូប។ ជាពិសេសក្នុងកាលៈទេសៈបែបនេះបើសិនជាអ្នកបាត់បង់ការងារណាមួយហើយនោះពិបាក និងស្វែងរកការងារធ្វើ ផ្សេងទៀតណាស់។ ដូច្នេះក្នុងអត្ថបទនេះយើងនឹងសង្កត់ធ្ងន់ទៅលើការការពារ និងថែរក្សាការងារដើម្បីឱ្យឆ្លងផុតក្នុងអន្ដរកាលដ៏អាក្រក់នេះ។ ទោះបីជាយ៉ាងណានេះគ្រាន់តែជាការណែនាំមួយផ្នែកប៉ុណ្ណោះសង្ឃឹមលោកអ្នកអាចមានមធ្យោបាយផ្ទាល់ ខ្លួនផ្សេងទៀតដើម្បីសង្គ្រោះលោកអ្នកឱ្យផុតពីគ្រោះដ៏អាក្រក់នេះ។ ១. បង្កើនសកម្មភាពរបស់លោកអ្នក (Be more active in your team or be visible) លោកអ្នកត្រូវធ្វើខ្លួនលោកអ្នកឱ្យក្លាយជាបុគ្គលិកសកម្ម និង ចូលរួមគ្រប់សកម្មភាពរបស់ក្រុមថែម ទៀត។ អ្នកដែលមិនសកម្មក្នុងក្រុមនឹងក្ល្លាយជាមនុស្សគ្មានប្រយោជន៍ហើយមិនយូរប៉ុន្មានលោកអ្នកនឹង ទទួលបានសំបុត្រអញ្ជើញលោកអ្នកឱ្យចូលនិវត្ដន៍ពីការងារ….។ ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើគឺ ត្រូវចូលរួមគ្រប់សកម្មភាពទាំងរបស់អង្គភាពលោកអ្នក ឱ្យក្ល្លាយជាមនុស្សដែលក្រុមលោកអ្នកគិតថាលោកអ្នកជាមនុស្សសំខាន់។ យើងបានកត់សំគាល់ពី ចំណុចមួយចំនួនដើម្បីប្រែក្លាយ មនុស្សដែលមិនសូវសកម្មអោយក្លាយជាមនុស្សសកម្មៈ a. ត្រូវមកធ្វើការមុនម៉ោងហើយចេញពីធ្វើការក្រោយគេ។ គឺត្រូវធ្វើយ៉ាងណាអោយប្រធាន ឬចៅហ្វាយលោកអ្នកមើលឃើញថាលោកអ្នកយកចិត្ដទុកដាក់នឹងការងារ ជាជាងអោយចៅហ្វាយឃើញលោកអ្នក អង្គុយមើលតែនាឡិកា។ b. រៀបចំខ្លួនប្រាណលោកអ្នកអោយមានលក្ខណៈស្រស់ថ្លា ប្រកបដោយអាជីពជាអ្នកធ្វើការគឺ ត្រូវពិនិត្យមើលតាំងចុងសក់លោកអ្នករហូតដល់ចុងជើងរបស់លោកអ្នកមុនពេលចេញទៅធ្វើការ។ ធ្វើបែបនេះ លោកអ្នកនឹងមានអារម្មណ៍កាន់តែជឿជាក់ក្នុងការទំនាក់ទំនងជាមួយមិត្ដភ័ក្ដ្ររួមការងារថែមទៀតគឺរាប់ទាំងចៅហ្វាយរបស់លោកអ្នក។ c. ត្រូវពិនិត្យពិច័យលើគ្រប់កិច្ចការដែលបានដាក់អោយ ទោះបីជាការងារតូចក្ដី។ d. បើជួបអ្នកថ្មីត្រូវប្រុងត្រចៀកស្ដាប់ហើយនិយាយស្ដី ឬឆ្លើយតបទាន់ អោយបានសមរម្យក្នុងពេលវេលា សមស្របណាមួយ។ ហើយសូមកុំភ្លេចណែនាំពីខ្លួនលោកអ្នក តួនាទី និង សមត្ថភាពលោកអ្នក។ d. ការណែនាំខ្លួនលោកអ្នកត្រូវធ្វើអោយហ្មត់ចត់ គឺ ភ្នែកលោកអ្នកត្រូវសំឡឹងដៃគូ ហើយចាប់ដៃឱ្យកាន់ តែណែនកាន់តែល្អ។ ២. ចុះចូល (សម្របសម្រួល) គ្រប់មជ្ឈដ្ឋាន នឹងគ្រប់កាលៈទេសៈ (Be easy all the time and environment) ការចុះចូល (សម្របសម្រួល) មិនមែនមានន័យថាលោកអ្នកត្រូវអត់ធ្មត់ខំគិតតែពីធ្វើការដូចម៉ាស៊ីនទោះបីចៅហ្វាយលោកអ្នកជេរ ត្មិះ តិះដៀលស្រែកគំហ៊ោកកំហែងដាក់លោកអ្នកយ៉ាងណាក៏ដោយនោះទេ។ ក្នុងន័យ នេះគឺមានន័យថាលោក អ្នកត្រូវទន់ភ្លន់ និង បង្កភាពងាយស្រួលក្នុងការទំនាក់ទំនងហើយជាទីពឹងពុំនាក់របស់អ្នកដទៃ។ មានបីចំណុចដែលយើងគួរពិចារណាដើម្បីចុះចូល(សម្របសម្រួល)ជាមួយមជ្ឈដ្ឋានជុំវិញខ្លួនៈ – កុំត្អូញត្អែ ឬ បដិសេធការងារដែលអ្នកដទៃពឹងពាក់ ឬ ការងារដែលដាក់អោយធ្វើទោះបីជា មិនជាតួនាទីរបស់លោកអ្នកក៏ដោយ….។ បើវាពិបាករហូតដល់ថ្នាក់មិនអាចធ្វើបានលោកអ្នកអាចធ្វើការ ទំនាក់ទំនងដោយទន់ភ្លន់ដើម្បីរកជំនួយ។ – សូមធ្វើការពិចារណាឡើងវិញនូវអ្វីដែលលោកអ្នកបាននិយាយនៅកន្លែងធ្វើការមិនគួរនិយាយ ដឺដង ឬ ប្រើពាក្យសំដីបញ្ឆិតបញ្ឆៀងដាក់អ្នកដទៃនោះទេ។ – គួរជៀសវាងភាសាដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃដូចជាការនិយាយអាសអាភាស ប្រកាន់ពូជសាសន៍ នយោបាយ ឬ ជំនឿសាសានាជាដើម។ រឿងទាំងអស់នេះ វាមិនធ្វើឱ្យប្រាក់ខែលោកអ្នកឡើងនោះទេ។ បើលោកអ្នកនិយាយជាមួយអ្នករួមការងារ ត្រូវប្រកាន់គោលការណ៍ថា “ជាការពិភាក្សាមិនមែនឈ្លោះប្រកែកនោះទេ “។ ៣. ធ្វើខ្លួនឱ្យក្លាយជាប្រយោជន៍សំរាប់អ្នកដទៃ (Be useful) គ្រប់គ្នាសុទ្ធតែមានប្រយោជន៍។ ប៉ុន្ដែលោកអ្នកត្រូវធ្វើឱ្យគេមើលឃើញលោកអ្នកជាអ្នកសំខាន់ជាងការ ងារដែលលោកអ្នកកំពុងធ្វើ។ អាចលើសពីការគិតរបស់លោកអ្នក គឺតំរូវអោយចំណាយពេលដើម្បីអោយចៅហ្វាយលោកអ្នកតាមរយៈ គំនិតច្នៃប្រឌិតនិងមានប្រសិទ្ធិភាពការងារ។ មានវិធី៤យ៉ាងក្នុងការទំនាក់ទំនងទាំងអ្នកខ្ពស់ និង អ្នកទាបៈ a. ដាក់ខ្លួនជាអ្នកផ្ដល់យោបល់ដល់អ្នកដទៃនៅកន្លែងធ្វើការ ជាពិសេសអ្នកចំណូលថ្មី ដូចជាចែករំលែក ចំណេះដឹង និង បទពិសោធន៍ ជាអ្មកចាស់ទុំ ឬអ្នកគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនធ្វើបែបនេះគេនឹងនឹកចាំពីអ្នក។ b. ធ្វើដូចជាឧបករណ៍ដែលមានមុខងារច្រើន។ ក្នុងពេលដ៏លំបាកនេះចៅហ្វាយរបស់លោកអ្នកមានគំនិតពី ក្រុមហ៊ុនក្នុងការចំណាយជាពិសេសលើផ្នែកបុគ្គលិកតែម្ដង។ ក្នុងក្រុមរបស់លោកអ្នក និង មិនអាចមានមនុស្សថ្មី ចូលទេ តែអាចនិងមានមនុស្សចេញ។ ពេលនោះមានការងារ ជាច្រើនធ្លាក់លើចៅហ្វាយរបស់លោកអ្នកដោយសារ តែបុគ្គលិកចេញ។ លោកអ្នកអាចជាមនុស្សដែលជួយសំរាលការងារពីចៅហ្វាយលោកអ្នក ដែលកំពុងទទួលរងនូវ កំហុកនៃថ្មបាក់នេះ ដោយការធ្វើការងារមិនប្រកាន់តួនាទី ឬក៏អាចសុំការងារបន្ថែមដោយមិនបាច់គេដាក់អោយ។ c. ក្នុងនោះលោកអ្នកគួរឆ្លៀតឱកាសបណ្ដុះនូវឯកទេស ឬជំនាញក្នុងពេលដែលលោកអ្នកកាន់ការងារ ដែលមិនមែនជាការងាររបស់លោកអ្នកនោះ។ d. បន្ថែមប្រាក់ចំណូលអោយក្រុមហ៊ុនដោយការកាត់បន្ថយចំណាយ និងបន្ថែមសេវាកម្មដល់អតិថិជន។ ៤. ត្រៀមខ្លួនសំរាប់ការងារថ្មីៈ (Be ready for every situation) ប្រាកដណាស់អ្វីៗវាមិនទៀងនោះឡើយ។ ហើយយើងក៏មិនអាចផ្គាប់ចិត្ដអ្នកដទៃបានដែរ ដែលពេលខ្លះ យើងក៏មិនអាចតំរូវចិត្ដខ្លួនយើងបានផង។ ដូច្នេះក្នុងកាលៈទេសៈដ៏លំបាកនេះលោកអ្នកអាចក្នុងបញ្ជីដែលគេត្រូវកាត់ចោលពីបុគ្គលិកក្រុមហ៊ុនក៏ថា បាន ទោះបីជាយើងបានធ្វើអ្វីៗ គ្រប់បែបយ៉ាងដូចបានរៀបរាប់ខាងលើកយ៉ាងណាក៏ដោយ។ មាន ៧ ចំណុចដែលលោកអ្នកត្រូវតៀមសំរាប់កាលៈទេសៈបែបនេះ: a. ត្រូវមានលុយកាក់ខ្លះក្នុងធនាគារ ឬ ជាប្រាក់សុទ្ធជាប់ខ្លួនដើម្បីប្រើប្រាស់ក្នុងពេលពុំមានការងារធ្វើ។ b. ត្រូវសរសេរ CV ទុកជាស្រេចជាពិសេសគឺត្រូវដាក់អ្វីដែលលោកអ្នកទើបតែធ្វើបាន មានសញ្ញាប័ត្រ ទទួលស្គាល់ថ្មី ហើយបង្កើតទំនាក់ទំនងជាមួយភ្នាក់ងារស្វែងរកការងារធ្វើ ទៅតាមជំនាញរបស់លោកអ្នក។ c. បង្កើតទំនាក់ទំនងរបស់លោកអ្នក d. ចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយស្ថាប័នធំៗ ហើយបង្កើតទំនាក់ទំនងជាមួយផ្នែកណាដែលជា ជំនាញរបស់លោកអ្នក។ e. បើអាចធ្វើទៅបាន លោកអ្នកអាចសរសេរអត្ថបទមួយ ឬ ជា Presentation ដើម្បីបង្ហាញពីសកម្មភាព របស់លោកអ្នក។ f. ត្រូវដឹងអោយច្រើនតាមដែលអាចធ្វើទៅបាននូវអ្វីដែលអ្នកដទៃ (ជុំវិញខ្លួនលោកអ្នក) កំពុងធ្វើ។ g. កុំនៅស្ងៀម ត្រូវបន្ថស្វះស្វែងរកការរៀនសូត្របន្ថែមជំនាញណាដែលទាន់សម័យ និងត្រូវការបន្ថែម ទៀត។ ក្រៅពីចំណុចទាំង៤ខាងលើ អ្វីដែលលោកអ្នកត្រូវដឹង និង ត្រូវធ្វើការការតាមដានស្ថានភាពនៃការវិវឌ្ឍន៍ របស់អង្គភាពលោកអ្នកជាពិសេសជាមួយអ្នកគ្រប់គ្រងផ្ទាល់របស់លោកអ្នក។

បានចុះផ្សាយក្នុង គ្មាន​ចំណាត់ក្រុម | Leave a Comment »

ផលប្រយោជន៍​នៃ​បន្លែ​ផ្លែ

Posted by phearykh ​នៅ ខែកក្កដា 17, 2008

ផលប្រយោជន៍​នៃ​បន្លែ​ផ្លែ

បរិភោគ​បន្លែ​ផ្លែ​ល្អ​ប្រសើរ​ជាង​ការ​ផឹក​ទឹក​អស់​ ៨​ កែវ
នៅ​រដូវក្ដៅ​​ដោយសារ​តែ​​មាន​ធាតុ​អាកាស​ក្ដៅ​ហួតហែង​នោះ​ ទើប​​នៅ​ក្នុង​រាងកាយ​​របស់​មនុស្ស​គ្រប់​រូប​តែង​តែ​បាត់បង់​បរិមាណ​ទឹក​ នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​​រដូវ​ដទៃ​ទៀត។ ដូច្នេះ​លោក​អ្នក​គួរ​បរិភោគ​ប្រភេទ​បន្លែ​ផ្លែ​ (ប្រភេទ​បន្លែ​ផ្លែ​ភាគច្រើន​ សុទ្ធ​តែ​មាន​បរិមាណ​ទឹក​លើស​ពី​ ៩០​ ភាគរយ)។ ចំពោះ​បរិមាណ​ទឹក​នៅ​ក្នុង​បន្លែ​ផ្លែ​ក្រោយ​ពី​ច្រោះ​ចេញ​តាម​បែប​ធម្មជាតិ ​​រួច​មក​ គឺ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​​ផ្សេងៗ​ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ទឹក​ធម្មតា​គឺ​​វា​ងាយស្រួល​ ត្រូវ​បាន​រាងកាយ​ស្រូប​យក​ទៅ​ទៀត។ក្រៅ​ពី​នោះ​ដោយសារ​តែ​នៅ​​ក្នុង​រដូវ​​ក្ដៅ​រន្ធ​ញើស​តែងតែ​រីក​ធំ។ ដូច្នេះ​ការ​ចេញ​ញើស​ក្នុង​បរិមាណ​ច្រើន​លើស​លប់​ពេក​អាច​បណ្ដាល​ទៅ​ជា​​មាន ​អាការ​ហេវហត់​ និង​ សោះ​ខ្យល់។ ម្យ៉ាង​ទៀត​រឹត​តែ​ធ្វើ​​ឲ្យ​បាត់បង់​ចំណង់​ចំណូល​ចិត្ត​នៃ​ការ​ទទួល​ទាន​ អាហារ​ទៀត​ផង។ ហេតុ​នេះ​ប្រសិន​​បើ​បាន​បរិភោគ​ប្រភេទ​បន្លែ​ ដូច​ជា​ផ្លែ​ម្រះ​ និង​ ននោង​ គឺ​ពិត​ជា​អាច​បង្កើន​ទឹក​មាត់​ និង​ បំបាត់​​ការ​ស្រេក​ទឹក។ ម្យ៉ាង​ទៀត​វា​ក៏​អាច​​កម្ចាត់​ធាតុ​ក្ដៅ​​នៅ​ក្នុង​រាងកាយ​​ដែរ។ ចំពោះ​បន្លែ​ស្លឹក​គឺ​មាន​បរិមាណ​ទឹក​ចាញ់​បន្លែ​ផ្លែ​ដាច់​តែ​ម្ដង។ ដូច្នេះ​គេ​និយម​ចូល​ចិត្ត​បរិភោគ​បន្លែ​ស្លឹក​នៅ​ក្នុង​រដូវរងា​ទៅ​វិញ។

ផ្លែ​ម្រះ​បញ្ចុះ​ធាតុ​ក្ដៅ

បើ​តាម​ការ​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​​ ប្រវត្តិសាស្ត្រ​នៃ​​ការ​ហូប​ចុក​របស់​ចិន​បុរាណ​បាន​ចែង​ថា​ “និទាយរដូវ​គួរ​បរិភោគ​ជាតិ​ជូរ​ឲ្យ​បាន​ច្រើន​ វស្សានរដូវ​គួរ​បរិភោគ​ជាតិ​ល្វីង​ឲ្យ​បាន​ច្រើន​សរទរដូវ​គួរ​បរិភោគ​ជា​សតិ ​ចត់​ឲ្យ​បាន​ច្រើន​ សិសិររដូវ​គួរ​បរិភោគ​ជាតិ​ប្រៃ​ឲ្យ​បាន​ច្រើន”។

ដូច្នេះ​គេ​និយម​ទទួល​ទាន​ផ្លែ​ម្រះ​នៅ​ក្នុង​រដូវ​ក្ដៅ​ដើម្បី​ជួយ​ បញ្ចុះ​ធាតុ​ក្ដៅ​នៅ​ក្នុង​រាងកាយ។ ផ្លែ​ម្រះ​គេ​អាច​យក​ទៅ​ឆា​លាយ​ពង​ទា​ ស្ងោរ​ញាត់​សាច់​ជ្រូក​ចិញ្ច្រាំ​…។ល។

អត្ថប្រយោជន៍

ធាតុ​ត្រជាក់​អាច​ត្រូវ​​ បត់ជើង​តូច​ស្រួល​ និង​កម្ចាត់​ ជាតិ​ពុល​ បញ្ចុះ​កម្ដៅ​នៅ​ក្នុង​រាងកាយ។ រីឯ​ម្សៅ​ ម្រះ​ម៉ដ្ឋ​ (ឆុង​ដូច​កាហ្វេ) ក៏​មាន​​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​កម្ដៅ​នៅ​ក្នុង​រាងកាយ​ ដែរ។

ផ្លែ​ត្រប់វែង​ តុល្យភាព​នៃ​សម្ពាធ​ឈាម

ផ្លែ​ត្រប់​​វែង​អាច​ប្រើ​ជា​បន្លែ​អន្លក់​ ឆា​ (មុន​នឹង​ឆា​ត្រូវ​ដុត)ជា​មួយ​នឹង​សាច់​ជ្រូក​ចិញ្ច្រាំ​ រួច​ស្រោច​ទឹក​ត្រី​បុក​ពី​លើ​…។ល។

អត្ថប្រយោជន៍

ធាតុ​ត្រជាក់​អាច​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​​មាន​តុល្យភាព​ ដូច្នេះ​ត្រប់​វែង​នេះ​ត្រូវ​នឹង​​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​ទទួល​ទាន។ សម្បូរ​ទៅ​ដោយ​ជីវជាតិ​ “P” ដែល​អាច​ការពារ​​មិន​ឲ្យ​​សរសៃ​ឈាម​តូច​ឆ្មារ​ចេញ​ឈាម។ ដូច្នេះ​​ចំពោះ​មនុស្ស​ចាស់​ និង​ មនុស្ស​ធាត់​​គួរ​គប្បី​ទទួល​ទាន​​ឲ្យ​បាន​ច្រើន។

ផ្លែ​ននោង​ជ្រុង​ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់

ននោង​ជ្រុង​សម្បូរ​ទៅ​ដោយ​បរិមាណ​ទឹក។ គេ​អាច​យក​ទៅ​ឆា​ ស្ល​សម្ល​ប្រហើរ​…។ល។

អត្ថប្រយោជន៍

មាន​រសជាតិ​ផ្អែម។ អាច​ធ្វើ​ឲ្យ​ចរន្ត​សរសៃ​ឈាម​ចរាចរ​បាន​ស្រួល​ កម្ចាត់​ជាតិ​ពុល​ និង​ កម្ដៅ​នៅ​ក្នុង​រាងកាយ។ ក្រៅ​ពី​នោះ​ ផ្លែ​ននោង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ “B” និង ​”C” ។ ម្យ៉ាង​ទៀត​វា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ទៀត​ផង។

ផ្លែ​ត្រសក់​ផ្អរ​ សម្បូរ​ដោយ​ជីវជាតិ​ផ្សេងៗ

មាន​រសជាតិ​​ឆ្ងាញ់​ពិសា។ គេ​អាច​យក​មក​ធ្វើ​បន្លែ​អន្លក់​ ឆា​ ស្ងោរ​…។ល។

អត្ថប្រយោជន៍

ផ្លែ​ត្រសក់​ផ្អរ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ “A” និង​ “C” ​ជាតិ​កាល់ស្យូម​ ជាតិ​ដែក​ និង​​ប្រូតេអ៊ីន​អាច​កម្ចាត់​​កម្ដៅ​នៅ​ក្នុង​សួត​ ស្រួល​បត់ជើង​តូច​ជា​ពិសេស​នៅ​ក្នុង​រដូវក្ដៅ​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហួត​ ហែង​​នោះ​នឹង​​បណ្ដាល​​ឲ្យ​កើត​រោគ​ឈឺ​បំពង់​ក។ ដូច្នេះ​បើ​បាន​ទទួល​ទាន​ត្រសក់​ស្រស់ៗ​ ក៏​អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទៀត​ផង។

ផ្លែ​ត្រសក់​ស្រូវ

ត្រសក់​ស្រូវ​ខ្ចី​ក៏​អាច​យក​ទៅ​ធ្វើ​ជា​បន្លែ​អន្លក់​ ឬ​ជ្រក់​ត្រសក់​ (ត្រាំ​ជា​មួយ​នឹង​ទឹក​ផ្អក)។ ត្រសក់​ស្រូវ​​ទុំ​ អាច​យក​ទៅ​ធ្វើ​ជា​បង្អែម។

អត្ថប្រយោជន៍

ត្រសក់​ស្រូវ​អាច​ធ្វើ​ឲ្យ​ពោះ​មាន​ជាតិ​សើម​ ដើរ​ខ្យល់​ស្រួល​ បំប៉ន​លំពែង​ និង​ កម្ចាត់​ធាតុ​ក្ដៅ។ សម្បូរ​ទៅ​ដោយ​ជីវជាតិ​ “B” និង​ “C” និង​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​តូច​ឆ្មារ​​ដែល​អាច​ជួយ​ការងារ​រោគ​ផ្ដាសាយ​ និង​រោគ​ពោះវៀន​ ក្រពះ។

ផ្លែ​ល្ពៅ

ផ្លែ​ល្ពៅ​គេ​អាច​​យក​ទៅ​ឆា​ ស្ល​ និង​ ធ្វើ​ជា​បង្អែម​ (សង់​ខ្យា​ល្ពៅ)។

អត្ថប្រយោជន៍

មាន​រសជាតិ​ផ្អែម​ សម្បូរ​ទៅ​ដោយ​ជាតិ​​ការ៉ុត​អាច​ធ្វើ​ឲ្យ​សួត​មាន​ជាតិ​សើម​ និង​ បំបាត់​កំហាក​ស្លេស្ម៍។ ម្យ៉ាង​ទៀត​ផ្លែ​ល្ពៅ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​​ក្រូមីញ៉ូម​ជាតិ​នីកែល។ ដូច្នេះ​វា​ផ្ដល់​ផលប្រយោជន៍​ច្រើន​សម្រាប់​អ្នក​កើត​រោគ​ទឹកនោម​ផ្អែម​្នុង ​កម្រិត​ស្រាល។


ផ្លែ​ត្រឡាច

ផ្លែ​ត្រឡាច​ គេ​អាច​យក​ទៅ​ស្ល​ ឬ​ស្ងោរ​ជា​មួយ​ឆ្អឹង​ជ្រូក​…។ល។


អត្ថប្រយោជន៍

អាច​បំបាត់​អាការ​ហើម​ កម្ចាត់​កម្ដៅ​ បញ្ចេញ​ជាតិ​ពុល​ និង​បន្ធូរ​សម្ពាធ​ឈាម។ មាន​ជាតិ​សូដ្យូម​ក្នុង​បរិមាណ​ទាប។ ដូច្នេះ​វា​មាន​ផលប្រយោជន៍​ក្នុង​ការ​បំបាត់​ជាតិ​ខ្លាញ់​ដើម្បី​សម្រក​ ទម្ងន់៕

បានចុះផ្សាយក្នុង សុខភាព | Leave a Comment »

 
តាមដាន

Get every new post delivered to your Inbox.