សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

វិធី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា

Posted by phearykh ​នៅ ខែ​ឧសភា 10, 2011

ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​រោគ​មួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​តប់ប្រមល់ វិល​វល់​អារម្មណ៍ ធ្វើ​អ្វី​មិន​កើត ទទួល​ទាន​អាហារ និង​ដំណេក​មិន​បាន ជួនកាល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គិត​ផ្ដេសផ្ដាស​រហូត​ផ្ដាច់​ផ្ដិល​ជីវិត​ខ្លួន​ឯង​ក៏​មាន​ដែរ។
នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​ចែង​ថា បញ្ហា​ទាំង​អស់​នេះ​ក៏​បណ្ដាល​មក​ពី​គេ​ខ្វះ​ការ​បង្ហាត់​បង្រៀន អប់រំ ឃុំ​គ្រង​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​មូល​តែ​មួយ។ តើ​ការ​អប់រំ​ចិត្ត​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ខ្លះ? អ្នក​ស្រី កែវ​ពេជ្រ មេត្តា រាយ​ការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ៖

មនុស្ស​គ្រប់​រូប​មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ តែង​តែ​មាន​រោគ​ពីរ​យ៉ាង​ប្រចាំ​នៅ​ក្នុង​ខ្លួន គឺ​រោគ​ផ្លូវ​កាយ និង​រោគ​ផ្លូវ​ចិត្ត ដោយ​ខុស​គ្នា​ត្រង់​ឈឺ​តិច ឬ​ឈឺ​ច្រើន​ប៉ុណ្ណោះ។

សម្រាប់​រោគ​ផ្លូវ​កាយ គេ​អាច​ធ្វើ​ការ​ព្យាបាល​តាម​វិធី​ផ្សេងៗ បាន​ដូច​ជា​លេប​ថ្នាំ ឬ​ចាក់​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​ជំងឺ​ខ្លះ​អាច​ជា​សះ​ស្បើយ​បាន​ក្រោយ​ពី​បាន​ព្យាបាល​រួច​មក។ ប៉ុន្តែ​សម្រាប់​រោគ​ផ្លូវ​ចិត្ត​វិញ គេ​ឃើញ​មាន​ការ​ពិបាក​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ជាង​រោគ​ផ្លូវ​កាយ ពី​ព្រោះ​ជំងឺ​ផ្លូវ​ចិត្ត​នេះ​មាន​ការ​ទាក់​ទង​ទៅ​និង​អារម្មណ៍​ទាំង​ឡាយ​របស់​ចិត្ត ភ្ជាប់​ទៅ​និង​រចនាសម្ព័ន្ធ​រាង​កាយ​របស់​មនុស្ស​ម្នាក់។

កត្តា​មួយ​ទៀត ចិត្ត​គឺ​ជា​សភាវៈ​ធម៌ (ឬ​ធម្មជាតិ​ដើម) មួយ ដែល​គេ​មើល​មិន​ឃើញ និង​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​បំផុត។ ប្រសិន​បើ​ចិត្ត​ពើប​ប្រទះ​និង​វត្ថុ​ណា​មួយ​ដែល​ពេញ​ចិត្ត ពេល​នោះ​អារម្មណ៍​ក៏​កើត​មាន​សេចក្ដី​សប្បាយ​រីក​រាយ ប៉ុន្តែ​បើ​ចិត្ត​បាន​ជួប​និង​រឿង​អ្វី​មួយ​កើត​ឡើង ដែល​អាក្រក់​ជា​រឿង​មិន​ល្អ​មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​បាន​ប្រែ​ទៅ​ជា​រង​ទុក្ខ​ភ្លាមៗ មួយ​រំពេច។

ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុន​ធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី និង​ជា​ព្រះ​សមុហ៍​អនុ​គណ​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា ប្រការ​ដែល​នាំ​ឲ្យ​ចិត្ត​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​សប្បាយ ឬ​ភាព​តាន​តឹង​បង្ក​ឲ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ត​នោះ បើ​គេ​និយាយ​ទៅ​តាម​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ថា​បណ្ដាល​មក​ពី​អាយតនៈ​ខាង​ក្នុង​ទាំង​៦ មាន​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​មនោ ឬ​ចិត្ត ហើយ​និង​អាយតនៈ​ខាង​ក្រៅ​មាន​៦ ដែរ គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ (ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ…) ៖ “កត្តា​ទាំង​ពីរ​ហ្នឹង បើ​យើង​ផ្អែក​ទៅ​ក្នុង​អង្គ​ធម៌ គឺ​អាយតនៈ​ទាំង​១២ ហ្នឹង។ អាយតនៈ​ក្នុង​៦ អាយតនៈ​ក្រៅ​៦ គឺ​ភ្នែក​ជា​គូ​គ្នា​និង​រូប។ បើ​ភ្នែក​ឃើញ​រូប​ហ្នឹង​ល្អ​ទៅ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត មាន​ន័យ​ថា​វា​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​អ៊ីចឹង​ទៅ ប៉ុន្តែ​កាល​ណា​ភ្នែក​វា​ប៉ះ​រូប​មិន​ល្អ បណ្ដាល​ឲ្យ​ចិត្ត ឬ​អារម្មណ៍​យើង​សោយ​នូវ​ការ​តានតឹង ឬ​ក៏​ការ​កើត​ទុក្ខ​តប់ប្រមល់​ផ្លូវ​ចិត្ត អា​ហ្នឹង​ផ្នែក​ខាង​ភ្នែក និង​រូប។ ដល់​ពេល​ត្រចៀក​ដូច​គ្នា​អ៊ីចឹង​ដែរ កាល​ណា​ឮ​សំឡេង​ពីរោះ​វា​បញ្ជូន​ជូន​ព័ត៌មាន​ដល់​ចិត្ត ចិត្ត​សប្បាយ ប៉ុន្តែ​បើ​ឮ​សំឡេង​មិន​គប្បី វា​ប៉ះ​ផ្ទប់​និង​សំឡេង​ខាង​ក្រៅ​មិន​ល្អ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត ចិត្ត​ក៏​កើត​ទុក្ខ​ធី​ចឹង​ទៅ អា​ហ្នឹង​ផ្នែក​ត្រចៀក​គូ​និង​សំឡេង”។

ចំណែក​អាយតនៈ​ទី​៣ ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ថា គឺ​ច្រមុះ​ជា​គូ​និង​ក្លិន ដែល​នាំ​ឲ្យ​ចិត្ត​ទោមនស្ស និង​សោមនស្ស​រីករាយ គឺ​បើ​ច្រមុះ​ប៉ះ​ក្លិន​ល្អ ក្រអូប ឈ្ងុយ ឆ្ងាញ់ ចិត្ត​ក៏​ទទួល​សុខ​សប្បាយ តែ​កាល​ណា​ច្រមុះ​ប៉ះ​ផ្ទប់​នូវ​ក្លិន​មិន​ល្អ​ពេល​នោះ ចិត្ត​ក៏​រង​ទុក្ខ។ រី​ឯ​អាយតនៈ​ទី​៤ ក៏​មាន​លក្ខណៈ​ដូច​គ្នា គឺ​អណ្ដាត​គូ​និង​រស (រស​ជាតិ) កាល​ណា​អណ្ដាត​បាន​ប៉ះ​រស​ជាតិ​អាហារ​ណា​ជា​ទី​គាប់​ចិត្ត ពេល​នោះ​ចិត្ត​សប្បាយ បើ​ប៉ះ​រស​មិន​ឆ្ងាញ់​ពិសា​ទេ ក៏​បណ្ដាល​ឲ្យ​ចិត្ត​មាន​ការ​សៅហ្មង​ឡើង។ សម្រាប់​អាយតនៈ​ទី​៥ គឺ​កាយ​ជា​គូរ​និង​ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ ហើយ​ទី​៦​គឺ​មនោ ឬ​ចិត្ត ជា​គូ​និង​អារម្មណ៍ ធម្មារម្មណ៍ ៖ “សរុប​សេចក្ដី​ទៅ​ថា អាយតនៈ​ទាំង​១២ ហ្នឹង ៦​ក្នុង ៦​ក្រៅ គឺ​ជា​មធ្យោបាយ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ឬ​ដែល​ហៅ​ថា ស្ដ្រេស (Stress) ធ្វើ​ឲ្យ​តប់ប្រមល់​ក្ដៅ​ក្រហាយ​អី​ចឹង​ទៅ។ ជា​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង​តែ​ម្ដង ដល់​ពេល​អ៊ីចឹង ចិត្ត​មាន​រោគ មាន​ជំងឺ មាន​វិបត្តិ​ផ្សេងៗ ច្រើន​បន្ត​ទៅ​ទៀត​ច្រើន។ មនុស្ស​យើង​អត់​គេច​ផុត​ពី​បញ្ហា​ហ្នឹង គឺ​គេច​មិន​ផុត​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា តិច ឬ​ច្រើន អ្នក​ខ្លះ​គេ​អាច​គ្រប់គ្រង​បាន​អ៊ីចឹង​ទៅ វា​ជា​ទង្វើ​ល្អ​របស់​គេ ហើយ​អ្នក​ខ្លះ​ទៅ​មាន​ស្ថានភាព​គ្រប់គ្រង​ចិត្ត​អត់​បាន​អ៊ីចឹង​ទៅ អា​ជំងឺ​វា​គ្រប់​ដណ្ដប់​ផ្លូវ​ចិត្ត​ហ្នឹង វា​រើ​អត់​រួច​ក៏​ដែល​ជា​បញ្ហា​ធំ​មែនទែន”។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា កាល​ណា​ចិត្ត​ជាប់​ជំពាក់​ខ្លាំង​ទាំង​ក្នុង​អារម្មណ៍​សប្បាយ និង​អារម្មណ៍​កើត​ទុក្ខ តានតឹង​ពិបាក​ដោះ​ស្រាយ​ធ្វើ​ឲ្យ​ចិត្ត​មាន​រោគ ឬ​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ក្លា ហើយ​បើ​មិន​ប្រញាប់​ព្យាបាល​ទេ អ្នក​ជំងឺ​អាច​ឈាន​ទៅ​រក​គ្រោះ​ថ្នាក់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពីព្រោះ​កាយ និង​ចិត្ត​នេះ​មាន​សម្ពន្ធភាព​ទាក់​ទង​គ្នា។ កន្លង​មក​ក៏​ដូច​សព្វ​ថ្ងៃ ការ​ព្យាបាល​រោគ​ផ្លូវ​ចិត្ត អ្នក​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដូច​ជា​ដើរ​កម្សាន្ត មើល​កុន​ល្ខោន ស្ដាប់​ចម្រៀង ឬ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន ជា​ដើម ដើម្បី​បំបាត់​ទុក្ខ ប៉ុន្តែ​បន្ទាប់​ពី​ការ​ធ្វើ​បែប​នេះ គឺ​បាន​តែ​មួយ​គ្រា ហើយ​គេ​ក៏​វិល​ទៅ​រក​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដដែល។

ក្រៅ​ពី​នេះ​ទៀត អ្នក​ជំងឺ​ខ្លះ​បាន​ស្វះស្វែង​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ឲ្យ​ព្យាបាល​ឲ្យ ដោយ​លេប​ថ្នាំ ឬ​ជួន​កាល​បាន​ទទួល​ការ​ណែ​នាំ​ជួយ​លើក​ទឹក​ចិត្ត​ពី​គ្រូ​ពេទ្យ ហើយ​អ្នក​ខ្លះ​ក៏​បាន​ធូរ​ស្រាល ប៉ុន្តែ​អ្នក​ខ្លះ​មិន​បាន​ធូរ​ស្រាល​ទេ។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​អង្គ មិន​មាន​ការ​ចែង​ថា​ធម៌​ណា​មួយ​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​ទេ ក៏​ប៉ុន្តែ​ព្រះ​អង្គ​បាន​បង្រៀន​អំពី​វិធី​អប់រំ​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើ​ការ​ទូន្មាន​ចិត្ត គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ។

ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុនធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​គ្រប់​គ្រង​ចិត្ត ដើម្បី​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​យ៉ាង​ដូច្នេះ ៖ “ព្រះ​ពុទ្ធ​លោក​បង្រៀន​រូបមន្ត​ថា ដើម្បី​ឲ្យ​ចិត្ត​ហ្នឹង​ជា​ចិត្ត​មួយ​សុខ គឺ​ត្រូវ​តែ​មាន​ធម៌​នៅ​ក្នុង​ចិត្ត នៅ​ក្នុង​ខ្លួន អ៊ីចឹង​ទី​១ ត្រូវ​សិក្សា​ព្រះ​ធម៌​ឲ្យ​យល់​ពី​រឿង​ពិត​នៃ​ជីវិត ថា​តើ​ជីវិត​យើង​ហ្នឹង​មាន​លក្ខណៈ​បែប​ណា។ ដូច​ជា​ព្រះ​ពុទ្ធ​លោក​សំដែង​ថា​ជីវិត​មនុស្ស​កើត​មក​មិន​ទៀង ជា​អនិច្ចំ ជា​ទុក្ខ អនត្តា មិន​មែន​ខ្លួន​អ៊ីចឹង។ កាល​ណា​យើង​ទទួល​ស្គាល់​នូវ​ការ​ពិត​អ៊ីចឹង អា​ការ​ទទួល​ស្គាល់​ហ្នឹង​ជា​វិធី​មួយ​បន្ថយ​នូវ​សេចក្ដី​ទុក​រួច​ស្រេច​ទៅ​ហើយ ពី​ព្រោះ​យើង​បាន​សម្រប​ខ្លួន​ទៅ​តាម​ច្បាប់​ធម៌​ហ្នឹង… ប៉ុន្តែ​មនុស្ស​ដែល​កើត​ទុក្ខ​ហ្នឹង ភាគ​ច្រើនៗ មិន​ទទួល​ស្គាល់​នូវ​ការ​ពិត​ហ្នឹង…។ ចង់​ទប់​ការ​ពិត​មិន​ឲ្យ​ប្រែប្រួល ដល់​ចង់​ទប់​ខ្លាំង ការ​កើត​ទុក្ខ​ក៏​កាន់​តែ​ខ្លាំង​ដែរ…”។

ព្រះតេជព្រះគុណ​បាន​បន្ត​ទៀត​ថា ការ​ជួយ​ចិត្ត​ឲ្យ​មាន​សុខភាព​ល្អ សំខាន់​គឺ​អ្នក​ជំងឺ​រៀន​អប់រំ​ខ្លួន​ឯង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ចិត្ត ហើយ​វិធី​ដែល​អាច​អប់រំ​ចិត្ត​បាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ការ​អនុវត្ត​សីល សមាធិ និង​វិបស្សនា ៖ “សមាធិ​នេះ បើ​និយាយ​មែនទែន​ទៅ​គឺ​ជា​វិធី​ពង្រឹង​អំណាច​ផ្លូវ​ចិត្ត ព្រោះ​ជីវិត​យើង ភាសា​ព្រះ​ធម៌​លោក​ហៅ​ថា បង្កើត​ឡើង​ចេញ​ពី​នាម​ធម៌ និង​រូប​ធម៌… ហើយ​នាម និង​រូប​ហ្នឹង​បង្កើត​បាន​ជា​ជីវិត។ អ៊ីចឹង​បាន​ជា​ជីវិត​កើត​មក​វា​ត្រូវ​មាន​ការ​ប្រែប្រួល អ៊ីចឹង​ចិត្ត​ហ្នឹង​វា​ក្រោម​ក្រំ វា​កើត​ទុក្ខ អ៊ីចឹង​បាន​ជា​ព្រះ​ពុទ្ធ លោក​ឲ្យ​ប្រើ​រូបមន្ត​សមាធិ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ចិត្ត​ចេញ​ចាក កុំ​ឲ្យ​ទទួល​យក​អ្វី​ដែល​មិន​ល្អ​ដាក់​ក្នុង​ចិត្ត។ ដល់​ពេល​ហ្នឹង​អា​ចិត្ត​បាន​ចម្រើន បាន​អប់រំ បាន​ល្អ ចិត្ត​ស្អាត​អ៊ីចឹង​ទៅ គឺ​ចិត្ត​ហ្នឹង​ដេក​នៅ​ជា​សុខ”។

នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ គេ​ឃើញ​មាន​ការ​បង្កើត​កន្លែង​បដិបត្តិ​ធម៌ ឬ​មជ្ឈ​មណ្ឌល​បដិបត្តិ​ធម៌​ជា​ច្រើន​កន្លែង​ផង​ដែរ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ទៅ​សិក្សា​ស្វែង​យល់​អំពី​របៀប​អប់រំ​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​លំនឹង កាត់​បន្ថយ​ការ​កើត​ទុក្ខ​ផ្សេងៗ​ផង និង​ដើម្បី​បាន​សន្សំ​កុសល​ផល​បុណ្យ​ផង។

មជ្ឈ​មណ្ឌល​វិបស្សនា​ទាំង​នោះ​រួម​មាន មជ្ឈ​មណ្ឌល​ធម្មលដ្ឋិកា​ដែល​មាន​ទីតាំង​នៅ​ភ្នំ​ទ្រុង​មាន់ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មជ្ឈ​មណ្ឌល​វិបស្សនាធុរៈ​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕

http://www.rfa.org/khmer

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: