សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ការបែកបាក់​ចេនឡា​ជា​ពីរ​ក្សត្រិយ​ទេស​៖ ចេនឡា​ទឹក នឹង​ចេនឡា​ដីគោក

Posted by phearykh ​នៅ ខែ​ឧសភា 6, 2011

​ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះ ម៉ា​តួន លីន ។ កាលប្រវត្តិ​នៃ​ព្រះរាជ​វង្ស​ថា​ង បាន​កត់សម្គាល់ថា ក្រោយពី​សម័យ​ចេ​ន​-​ឡុង នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក ។ ទាក់ទិន​ទៅនឹង​ចេនឡា​ទឹក ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង គឺជា​តំបន់​មួយ​សម្បូរ​ទៅដោយ​បឹងបួរ ហើយ​ស្ថិត​ជាប់​នឹង​ឆ្នេរសមុទ្រ ។ រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ ព្រៅ ។​

​យើង​ក៏​ដឹង​ទៀតថា ទំហំ​របស់​ចេនឡា​ទឹក គឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត បា​លា​ទិ​ត្យ​បុ​រៈ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក ។ ចំពោះ​ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថា ត្សៀ គី​វ ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះ បាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើក ជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស ។ ម្យ៉ាងវិញទៀត គឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិន នៅ​ឆ្នាំ ៧៥៤ ។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ព តទល់​នឹង​នគរ​ណាន​ចៅ ។ បន្ទាប់មក មាន​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​គឺមាន ឧ​ប​យុ​រាជ​ខ្មែរ​មួយអង្គ ព្រះនាម​ថា ព​-​មី ដែល​បាន​ស្តេចយាង​ទៅកាន់​ប្រទេស​ចិន​ដែរ ហើយ​នៅ​ឆ្នាំ ៧៩៩ មាន​ប្រតិភូ​ទូត​ខ្មែរ​ចុងក្រោយបង្អស់​មួយទៀត របស់​ចេនឡា​ដីគោក ទៅកាន់​ប្រទេស​ចិន ដឹកនាំ​ដោយ លី ទូវ​គី ។

​ការស្រាវជ្រាវ​របស់លោក ហ្ស៊​ក ម៉ា​ស្ពេ​រ៉ូ បាន​ឲ្យ​ដឹងថា តាមពិតទៅ ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​ក្សត្រិយ​ទេស​ទាំងពីរ នៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ។ ការដែល​ចិន​ហៅថា ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​កត្តា​បង្ហាញ​នូវ​ស្ថានភាព​ភាព​បែកបាក់ ប្រេះឆា​ខាង​នយោបាយ​ក្នុង​អតីតកាល ។ លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្សត្រិយ​រដ្ឋ​ទាំងពីរ​ខាងលើនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​កម្ពុជទេស ដោយហេតុថា វង្ស​ត្រកូល​របស់​ព្រះបាទ​យ​សោ​វរ្ម័ន នា​សម័យ​មហា​អង្គរ​បាន​ចាប់​ពន្លក​ក្នុង​ដែនដី នៃ​ចេនឡា​ដែនដី​គោក ។ លោក​បាន​បន្តទៀតថា ចេនឡា​ទឹក គឺ​វ្យា​ធ​បុ​រៈ ឬ​អង្គរបុរី ដែលជា​រាជធានី​របស់​នគរ​ភ្នំ ។ រីឯ​ចេនឡា​គោក គឺ​ស​ម្ភុ​បុ​រៈ ឬ​សម្បូរ​ណ៍​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ស្រេ​ស្ឋ​បុ​រៈ ក្បែរ​វត្ត​ភូ នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ន ។ តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ពុំបាន​កំណត់​ទីតាំង​នៃ​មណ្ឌលកណ្តាល​នៃ​ចេនឡា​គោក ឲ្យ​បានច្បាស់លាស់​នៅឡើយ ។

ចំណែក​លោក ហ្ស៊​ក ស៊ឺ​ដេ​ស វិញ លោក​ក៏បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ដែរ ។​លោក​បានចេញ​យោបល់​រួម​ថា វ្យា​ធ​បុ​រៈ ដែល​ភាគច្រើន​ស្ថិតនៅ​បាភ្នំ​ជាង​នៅ​អង្គរបុរី គឺជា​ឈ្មោះ​របស់ ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ ។ ពោលគឺ​មិនមែន​ចេនឡា​ទឹក ដូច​មាន​ក្នុង​ខ្លឹមសារ​សិលាចារឹក របស់​ព្រះបាទ​យ​សោ​វរ្ម័ន​នោះទេ ។

សូមជម្រាបថា សព្វថ្ងៃនេះ តាមរយៈ​របកគំហើញ​ថ្មី​ខាង​បុរាណវិទ្យា យើង​អាច​កែលំអ​ទស្សនាទាន របស់​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ខាងលើនេះ ។ តាមពិតទៅ ការស្រាវជ្រាវ​កន្លងមក​នេះ បាន​ឲ្យ​ដឹងថា វ្យា​ធ​បុ​រៈ គឺ​ស្ថិតនៅ​អង្គរបុរី នៅ​ខេត្តតាកែវ ពុំមែន​នៅ​បាភ្នំ នៅ​ខេត្តព្រៃវែង នោះទេ ។​

​គួ​បញ្ជាក់​ផងដែរ​ថា ចេនឡា​គោក វេន​តាន / ព​-​លូវ គឺជា​ទីតាំង​ដើម​របស់​សន្តតិវង្ស​ខ្មែរ​នា​សម័យ​ចេនឡា ដែល​ធ្លាប់ជា​ប្រទេស​ចំណុះ​របស់​នគរ​ភ្នំ ហើយ​បាន​ឲ្យ​កំណើត ជា​សន្តតិវង្ស​ខ្មែរ​នា​សម័យអង្គរ​នោះ ។  ចំពោះ​យើង យើង​ជឿថា ទីតាំង​របស់​ចេនឡា (​ដីគោក​) ស្ថិតនៅ​ម្តុំ​វត្ត​ភូ​យ៉ាង​ប្រាកដ ដែលមាន​ឈ្មោះថា ស្រេ​ស្ឋ​បុ​រៈ ក៏ប៉ុន្តែ​ឥទ្ធិពល​នៃ​ចេនឡា​បាន​លាតសន្ធឹង រហូតដល់​តំបន់​ខ្ពង់រាប​នគររាជ​សីមា ជាពិសេស​រវាង​ដងស្ទឹង​ស្រែ​មូល និង​ស្ទឹង​ស្រែ​ជី​ថែម​ទៀតផង ដូច​វត្តមាន​របស់​សិ​ល្បៈ ស្ថាបត្យកម្ម​ប្រាសាទខ្មែរ និង​សិលាចារឹក​ជា​សក្ខីភាព​ស្រាប់ ។

​ម្យ៉ាងវិញទៀត យោងតាម​ទស្សនៈ​របស់លោក ហ្ស៊​ក ស៊ឺ​ដេ​ស និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចុងក្រោយបង្អស់ យើង​អាច​និយាយបានថា ឈ្មោះ​មូល​ទេស ដែលមាន​ក្នុង​សិលាចារឹក ពិតជា​បាន​ឲ្យ​កំណើត​ទៅ​ឈ្មោះ នៃ​ដងស្ទឹង​ស្រែ​មូល នៅ​ប្រទេស​សៀម​បច្ចុប្បន្ន ដែលជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែនដី​គោក ។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការហៅ​ស្ទឹង​ស្រែ​មូល​ខាងលើនេះ ដែល​សៀម​ថា សេ​មូ​ន មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​គឺជា​ប្រពៃណី​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​សុទ្ធសាធ ពោលគឺ​បាន​រក្សា​នូវ​ស្លាកស្នាម​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​ សម័យ​ដើម តាមរយៈ​ស្ថាន​នាម ។ មានន័យថា មណ្ឌល​អំណាចកណ្តាល​របស់​ចេនឡា​គោក (​វេន​តាន​) គឺ​ស្រេ​ស្ឋ​បុ​រៈ ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​នៃ​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ន តែ​បាន​គ្រប់គ្រង​លើ​តំបន់​នានា នៃ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​ប្រទេស​កម្ពុជា​ដូចជា ខេត្តស្ទឹងត្រែង​, កំពង់ចាម​និង​កំពង់ធំ​ជាដើម ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ទីក្រុង​ឥសាន​បុ​រៈ ឬ​សម្បូរ​ព្រៃ​គុក​ជា​មជ្ឈមណ្ឌល​នយោបាយ​ក​ណ្តា​ល ៕ (​ម​.​ត្រា​ណេ​)​

http://www.cen.com.kh

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: