សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ប្រវត្តិ​សត្វ​ទាំង​១២​នៅ​ក្នុង​ឆ្នាំ​របស់​ខ្មែរ

Posted by phearykh ​នៅ ខែ​ឧសភា 10, 2011

ដោយ កែវ ពេជ្រមេត្តា
2011-04-13

នៅ​ក្នុង​វប្បធម៌​ខ្មែរ មាន​សត្វ​ទាំង ១២ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​យក​មក​ធ្វើ​ជា​គោល ដើម្បី​សម្គាល់​ឆ្នាំ។ ក៏ប៉ុន្តែ មាន​មតិ​ខ្លះ​យល់​ថា ការ​យក​សត្វ​ទាំង ១២ មក​សម្គាល់​ដូច្នេះ គឺ​ចម្លង​ពី​វប្បធម៌​ជាតិ​សាសន៍​ដទៃ។

គ្រប់​ជាតិ​សាសន៍​នៅ​ក្នុង​សកល​លោក​សព្វ​ថ្ងៃ​នេះ គេ​តែងតែ​មាន​អរិយធម៌ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​សម្រាប់​ជា​ការ​សំគាល់​នូវ​អត្តសញ្ញាណ​ជាតិ​របស់​គេ​នីមួយៗ ក្នុង​នោះ​មាន​ការ​រួម​ធ្វើ​ពិធី​កម្ម​ផ្សេងៗ ដូច​ជា​ការ​រៀប​មង្គល​ការ​កូន​ប្រុ ស​ស្រី ពិធី​ខួប​កំណើត ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។
នៅ​រាល់​ការ​ធ្វើ​ពិធី​កម្ម​ទាំង​អម្បាល​មាន​នោះ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន គឺ​គេ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស គន់​គូរ ដើម្បី​កំណត់​យក​ពេល​វេលា​ណា​មួយ​មក​ជួប​ជុំ​គ្នា។ ប្រការ​នេះ​ហើយ​ទើប​បុព្វ​បុរស ឬ​ក៏​អ្នក​ប្រាជ្ញ លោក​អ្នក​ចេះ​ដឹង​របស់​ជាតិ​សាសន៍​ទាំង​ឡាយ​នោះ បាន​នាំ​គ្នា​រិះរក​បង្កើត​ឲ្យ​មាន​ជា​ឈ្មោះ​នៃ​កាល​នីមួយៗ នោះ ដោយ​ចែក​ចេញ​ជា​បី​ផ្នែក គឺ​ឈ្មោះ​ថ្ងៃ មាន​ចំនួន ៧ ឈ្មោះ​ខែ​មាន ១២ ហើយ​និង​ឈ្មោះ​ឆ្នាំ​មាន ១២។
ដោយ​ឡែក​ជន​ជាតិ​ខ្មែរ ដែល​គេ​ឃើញ​មាន​អរិយធម៌ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​យ៉ាង​សម្បូរ​បែប​តាំង​ពី​បុរាណ​កាល​មក​ដល់​សព្វ​ថ្ងៃ​នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​ឈ្មោះ​ថ្ងៃ ឈ្មោះ​ខែ និង​ឈ្មោះ​ឆ្នាំ មាន​ចំនួន​ដូច​គ្នា​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ។
សម្រាប់​ឈ្មោះ​ឆ្នាំ ដែល​អស់​លោក​អ្នក​ប្រាជ្ញ​ខ្មែរ​ក្នុង​សម័យ​បុរាណ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឃើញ​មាន​ចំនួន​ទាំង​អស់ ១២ នោះ គឺ​ឆ្នាំ​ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ ឬឆ្នាំកោរ។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ឈ្មោះ​ឆ្នាំ​ទាំង ១២ នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​ឈ្មោះ​សត្វ​ចំនួន ១២ យក​មក​ធ្វើ​ជា​តំណាង​ឲ្យ​ឆ្នាំ​នីមួយៗ គឺទី១ សត្វ​កណ្ដុរ តំណាង​ឲ្យ​ឆ្នាំ​ជូត ទី២ សត្វ​គោ តំណាង​ឲ្យ​ឆ្នាំ​ឆ្លូវ ទី៣ សត្វ​ខ្លា តំណាង​ឲ្យ​ឆ្នាំ​ខាល ទី៤ សត្វ​ទន្សាយ តំណាង​ឲ្យ​ឆ្នាំ​ថោះ ទី៥ សត្វ​នាគ រាជ​តំណាង​ឲ្យ​ឆ្នាំ​រោង ទី៦ សត្វ​ពស់ តំណាង​ឲ្យ​ឆ្នាំ​ម្សាញ់ ទី៧ សត្វ​សេះ តំណាង​ឲ្យ​ឆ្នាំ​មមី ទី៨ សត្វ​ពពែ តំណាង​ឲ្យ​ឆ្នាំ​មមែ ទី៩ សត្វ​ស្វា តំណាង​ឲ្យ​ឆ្នាំ​វក ទី១០ សត្វ​មាន់ តំណាង​ឲ្យ​ឆ្នាំ​រកា ទី១១ សត្វ​ឆ្កែ តំណាង​ឲ្យ​ឆ្នាំ​ច និងទី១២ សត្វ​ជ្រូក តំណាង​ឲ្យ​ឆ្នាំ​កុរ។
នៅ​រាល់​បណ្ដា​ឈ្មោះ​ឆ្នាំ​ទាំង ១២ ដោយ​យក​ឈ្មោះ​សត្វ​មក​ធ្វើ​ជា​សញ្ញា​សំគាល់​ឲ្យ​ឆ្នាំ​នីមួយៗ ដែល​បាន​ជ្រើស​រើស​យក​សត្វ​កណ្ដុរ​មក​ធ្វើ​ជា​ប្រមុខ​ឆ្នាំ ឬ​ជា​ឆ្នាំ​ទី១ នោះ គេ​មិន​ឃើញ​​មាន​ឯកសារ​​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់​ថា បាន​កើត​ចេញ​ពី​ពេល​ណា ហើយ​អ្នក​ណា​ជា​អ្នក​បង្កើត​នោះ​ទេ ប៉ុន្តែ តាម​ការ​អះអាង​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន​នោះ បាន​បញ្ជាក់​ប្រាប់​ខុសៗ គ្នា ដោយ​ខ្លះ​លើក​ឡើង​ថា គឺ​ធ្វើ​ទៅ​តាម​ការ​និទាន​រឿង​ព្រេង​ខ្មែរ ហើយ​ខ្លះ​ទៀត​ថា ជា​ការ​ចម្លង​មក​ពី​វប្បធម៌​បរទេស ដូចជា​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា។
លោក វ៉ាយ វិបុល ជំនួយ​ការ​អគារធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឈ្មោះ​ឆ្នាំ​ទាំង ១២ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ​មួយ​នោះ បាន​បញ្ជាក់​អំពី​ព្រះ​ឥន្ទ្រាធិរាជ ដែល​ជា​ស្ដេច​ទេវតា បាន​ធ្វើ​ការ​ប្រកាស​ដល់​ពពួក​សត្វ​ទាំង​អស់​ឲ្យ​មក​ធ្វើ​ការ​ប្រជុំ​គ្នា​នៅ​ទី​កន្លែង​មួយ ដោយ​កំណត់​ថា បើ​សត្វ​ណា​បាន​មក​ដល់​ទីកន្លែង​ប្រជុំ​នោះ​មុន​គេ សត្វ​នោះ​នឹង​ត្រូវ​ជាប់​ឈ្មោះ​ជា​សត្វ​ទី១។
បន្ទាប់​ពី​បាន​ដំណឹង​នេះ​សត្វ​ទាំង​អស់​ក្នុង​ពិភព​លោក​ក៏​បាន​ត្រៀម​ខ្លួន​នឹង​ទៅ​ប្រជុំ ប៉ុន្តែ ពេល​នោះ​មាន​សត្វ​ឆ្មា ហាក់​មាន​មន្ទិល​សង្ស័យ​មិន​ដឹង​ថ្ងៃ​ខែ​ច្បាស់​លាស់​នៃ​ការ​កំណត់​ពេល​ប្រជុំ​នោះ​ទេ។

លោក វ៉ាយ វិបុល ៖ សត្វ​ឆ្មា​សង្ស័យ ហើយ​ក៏​សួរ​កណ្ដុរ​ថា នែ​វ៉ី​ឮ​សូរ​ថា​ព្រះ​ឥន្ទ​ប្រជុំ​ថ្ងៃ​ណា​ដែរ ស្អែក ឬ​ក៏​ខាន​ស្អែក? ពេល​នោះ​កណ្ដុរ​គេ​ដឹង​ច្បាស់។ កណ្ដុរ​វា​មាន​ចរិត​មួយ​ប៉ិន​ស្ដាប់​ដឹង​ថា ស្អែក​ប្រជុំ ប៉ុន្តែ កណ្ដុរ​កុហក​ឆ្មា​ថា ខាន​ស្អែក​ឯ​នោះ​ប្រជុំ។ ពេល​នោះ​ឆ្មា​ក៏​អត់​បាន​ត្រៀម​ខ្លួន​ប្រហែស​អ៊ីចឹង​ទៅ។ ដល់​ពេល​ព្រលឹម​ឡើង​គោ​មក​មុន មក​ជិត​ដល់​កន្លែង​សាលា​ព្រះឥន្ទ​ហ្នឹង​ហើយ ក៏ប៉ុន្តែ ពេល​នោះ​កណ្ដុរ​វា​ឆ្លាត វា​ក៏​ឡើង​ផ្លាប់​លើ​ខ្នង​គោ ​ដល់​ឡើង​លើ​ខ្នង​គោ​ទៅ​ដល់​ផ្លោះ​មុខ​គោ​ទៅ​កណ្ដុរ​បាន​ដល់​មុន បាន​ព្រះឥន្ទ​សន្មត់​ថា​យក​កណ្តុរ ជូត១ ឆ្លូវ២ ខាល៣ ថោះ៤ ….. អីចឹងមក ។
ក្រៅ​ពី​មាន​ការ​បញ្ជាក់​ថា យក​ឈ្មោះ​សត្វ​ទាំង ១២ ហើយ​ជ្រើស​យក​សត្វ​កណ្ដុរ​ជា​ឈ្មោះ​ឆ្នាំ​ទី​១ ឆ្នាំ​ជូត​នោះ ក៏​មាន​ការ​បញ្ជាក់​ផ្សេង​ពី​នេះ​ដែរ​ថា ប្រវត្តិ​នាំ​ឲ្យ​កើត​មាន​ឈ្មោះ​ឆ្នាំ​ទាំង ១២ នេះ គឺ​ដោយ​សារ​មាន​ការ​ព្យាករណ៍​របស់​ហោរា​សាស្ត្រ ឬ​តារាសាស្ត្រ​បុរាណ ដែល​ជា​អ្នក​ស្វែង​រក​ឃើញ​ឈ្មោះ​សត្វ​ទាំង ១២ នោះ។
លោក អ៊ឹម បុរិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​ជា​ជំនួយ​ការ​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​អំពី​ការ​រក​ឃើញ​របស់​ក្រុម​ហោរា​សាស្ត្រ និង​តារាសាស្ត្រ​យ៉ាង​ដូច្នេះ។
លោក អ៊ឹម បុរិន្ទ ៖ «ដើម​ឡើយ​អ្នក​ហោរាសាស្ត្រ និង​តារាសាស្ត្រ​នៅ​ជាមួយ​គ្នា​ព្រោះ​ថា​អ្នក​ចេះ​ហោរាសាស្ត្រ​ក៏​ជា​តារាសាស្ត្រ​ដែរ។ គឺ​លោក​បាន​សង្កេត​មើល​ទៅ​លើ​ផ្ទៃ​មេឃ ហើយ​ឃើញ​ថា មាន​សត្វ​ផ្សេងៗ នៅ​តាម​ផ្ទៃ​មេឃ​ហ្នឹង យើង​មិន​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ​បាន​ទេ លុះ​ត្រា​តែ​មាន​កែវ​យឹត​បាន​យើង​មើល​ឃើញ​រូបភាព​ហ្នឹង។ អ៊ីចឹង​លោក​បាន​យក​រូបភាព​ហ្នឹង​មក​ធ្វើ​ជា​ការ​កំណត់​ឆ្នាំ ដោយ​មាន​រូប សត្វ​កណ្ដុរ សត្វ​គោ សត្វ​ខ្លា​អី​តាម​លំដាប់»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​មួយ​ទៀត សម្រាប់​ការ​កកើត​នៃ​ឆ្នាំ​ទាំង ១២ ដែល​មាន​ឈ្មោះ​សត្វ​នៅ​ក្នុង​នោះ គឺ​ទំនង​មក​ពី​ការ​ចម្លង​វប្បធម៌​ចិន​លាយ​ឡំ​ខ្លះ​ជាមួយ និង​វប្បធម៌​ខ្មែរ។ ប៉ុន្ដែ ឈ្មោះ​សត្វ​ទាំង ១២ របស់​ចិន ដែល​គេ​យក​មក​រាប់​សម្រាប់​ឆ្នាំ​ទាំង ១២ នោះ​មាន​ការ​ខុស​គ្នា​មួយ​ចំនួន និង​ការ​រាប់​ឈ្មោះ​សត្វ នៅ​ក្នុង​ឆ្នាំ​ទាំង ១២ របស់​ខ្មែរ។

ការ​ខុស​គ្នា​នោះ​គឺ​ត្រង់​ថា ឆ្នាំ​ខាល​របស់​ខ្មែរ គឺ​តំណាង​ឆ្នាំ​ជា​សត្វ​ខ្លា។ ប៉ុន្តែ ចិន​តំណាង​ដោយ​សត្វ​ឆ្មា ហើយ​ត្រង់​កន្លែង​ឆ្នាំ​ឆ្លូវ​របស់​ខ្មែរ គឺ​តំណាង​ដោយ​សត្វ​គោ ប៉ុន្តែ​ចិន​វិញ​គេ​យក​សត្វ​ក្របី​មក​តំណាង​ឲ្យ​ឆ្នាំ​ឆ្លូវ។
លោកអ៊ឹម បុរិន្ទ ៖ «ប៉ុន្តែ​សំខាន់​គឺ​នៅ​លើ​កណ្ដុរ​ទេ ថា​ហេតុ​អី​បាន​ជា​កណ្ដុរ​បាន​មក​ជា​ឆ្នាំ​ទី​១ ដោយ​សារ​តែ​កណ្ដុរ​គេ​បាន​សង្កេត​ឃើញ​ខ្លួន​របស់​វា​ហ្នឹង​មាន​លក្ខណៈ​ពីរ​ប្រភេទ ៖ ជើង​មុខ​មាន​ចំនួន​ម្រាម ៥ ជើង​ក្រោយ​មាន​ម្រាម ៤។ ហេតុ​ហ្នឹង​ហើយ​គេ​ចង់​បញ្ជាក់​ថា តួ​ខាង​មុខ​វា​ជា​យ៉ាន ខាង​ក្រោយ​ជា​យិន។ អា​ហ្នឹង​ទៅ​តាម​ប្រក្រតីទិន​យក​មក​ធ្វើ​ជា​លេខ​ហោរា​នោះ»។

ទាក់ទង​ទៅ​នឹង​ការ​កកើត​ឆ្នាំ​ទាំង ១២ ដោយ​យក​ឈ្មោះ​សត្វ​ចំនួន ១២ មក​ជា​តំណាង​ឆ្នាំ និង​យក​សត្វ​កណ្ដុរ​ថា​ជា​ឆ្នាំ​ទី​១ ហើយ​ថា​អាច​ជា​ការ​ចម្លង​ពី​វប្បធម៌​ចិន និង​ជា​រឿង​ព្រេង​និទាន​ខ្មែរ​នោះ គេ​ឃើញ​មាន​ការ​អះអាង​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា អាច​ទំនង​មក​ពី​វប្បធម៌​ឥណ្ឌា និង​តាម​លក្ខណៈ​ព្រហ្មញ្ញ​សាសនា។
អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្បធម៌​មួយ​ចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​ទាំង ១២ នោះ គេ​ឃើញ​មាន​សំដែង​ខ្លះ​ដែរ នៅ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា។

លោក មាសលី អាចារ្យ​មួយ​រូប​នៅ​ខេត្ត​កំពង់ចាម ដែល​បាន​ស្រាវជ្រាវ​អំពី​រឿង​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា គឺ​មាន​នៅ​ក្នុង​បឋមកប្ប ដែល​ជា​កប្ប​កកើត​ផែនដី​ដំបូង ហើយ​ពេល​នោះ​មាន​នរវិទូ​អ្នក​ចេះ​ដឹង​បាន​ស្វែង​រក​សត្វ​ទាំង​ឡាយ ដែល​បាន​កើត​ឡើង​លើ​ផែនដី ដើម្បី​មក​បង្កើត​កំណត់​ជា​ឆ្នាំ។

លោក មាស លី ៖ «នរវិទូ​ទាំង​ឡាយ​នោះ​លោក​បាន​ស្វែង​រក​ឃើញ​ថា សត្វ​កណ្ដុរ​ ជា​សត្វ​បាន​កកើត​ឡើង​មុន​គេ​ក្នុង​ចំណោម​សត្វ​ទាំង​ពួង។ រហូត​មក​មាន​សត្វ​គោ ខ្លា សត្វ​ទន្សាយ ពស់ (ពស់​មាន​ពីរ​ប្រភេទ គឺ​សត្វ​ពស់​នាគរាជ និង​ធម្មតា) សត្វសេះ ពពែ ស្វា មាន់ ឆ្កែ សត្វ​ជ្រូក ជាបរិយោសាន (ទីបញ្ចប់)។ ដូច្នេះ នរៈវិទូ​ហ្នឹង​ក៏​នាំ​គ្នា​ប្រតិស្ឋ​អធិដ្ឋាន​ឡើង​ថា​ឆ្នាំ​ជូត​ហ្នឹង សត្វ​កណ្ដុរ​ជា​ឆ្នាំ​ទី១»។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បង្កើត​ឆ្នាំ​ទាំង ១២ ហើយ​មាន​រួម​បញ្ចូល​យក​ឈ្មោះ​សត្វ​មក​តំណាង​ឲ្យ​ឆ្នាំ​នីមួយៗ ដែល​មាន​សត្វ​កណ្ដុរ​នៅ​ខាង​ដើម​ជា​ឆ្នាំ​ជូត ហើយ​និង​សត្វ​ជ្រូក​តំណាង​ឆ្នាំ​កោរ​នៅ​ខាង​ឆ្នាំ​បញ្ចប់​នោះ គេ​អាច​ថា ទំនង​មក​ពី​អ្នក​ស្រាវ​ជ្រាវ​បុរាណ​លោក​ពិនិត្យ​មើល​ទៅ​លើ​ចរិត ឬ​កិរិយា​មារយាទ​របស់​សត្វ​ទាំង​ឡាយ​នោះ ដើម្បី​ប្រៀប​នឹង​ចរិត​លក្ខណៈ​របស់​មនុស្ស ដូចជា​សត្វ​កណ្ដុរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សត្វ​ពូកែ​ខាង​ស្ដាប់​សូរ ហើយ​សត្វ​គោ​ថា ជា​សត្វ​រង​កម្ម​ត្រូវ​គេ​ប្រើ ជា​សត្វ​ល្ងង់​ជា​ដើម៕

http://www.rfa.org/khmer

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: