សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ពាក្យសម្បថ​ចំពោះ​ព្រះបាទ​សុរិយា​វរ្ម័នទី​១

Posted by phearykh ​នៅ ខែ​ឧសភា 6, 2011

​កាតព្វកិច្ច​និង​លក្ខន្តិកៈ​របស់​មន្ត្រីរាជកា​រ​គ្រប់​ជាន់ថ្នាក់ ក្នុង​រាជរដ្ឋាភិបាល​នា​សម័យអង្គរ គឺជា​សក្ខីភាព​ឥត​លំអៀង​ចំពោះ​ជាតិ ដែល​តំណាង ដោយ​ព្រះមហាក្សត្រ​ដូច​ខ្លឹមសារ​នៃ​ពាក្យសម្បថ ឬ​ពាក្យ​សច្ចាប្រណិធាន​ចារ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ នៅ​ឆ្នាំ ១០១១ នៃ​គ​.​ស ជា​ភស្តុតាង ។​

​កន្លងមកនេះ យើង​បាន​សិក្សា​ឯកសារ​នេះ​ម្តង​រួចមកហើយ តែ​មិនបាន​ពិនិត្យ​សិលាចារឹក​ផ្ទាល់ ដោយ​គ្រាន់តែ​បាន​ប្រែ​ខ្លឹមសារ​ចេញ ពី​អត្ថបទ​សរសេរ​ជា​ភាសា​បារាំង ដោយ​លោក ហ្ស៊​ក ស៊ឺ​ដេ​ស ប៉ុណ្ណោះ ។ ដោយ​យល់ឃើញថា អត្ថបទ​សិលាចារឹក​នេះ មាន​សារៈសំខាន់​និង​អត្ថប្រយោជន៍ ក្នុងការ​ស្វែងយល់​អំពី​សង្គម​ខ្មែរ​បុរាណ បានជា​ថ្ងៃនេះ​យើង​សូម​យកមក​ផ្សព្វផ្សាយ​ឡើងវិញ ។ យើង​អរ​ណាស់ ចំពោះ​វិភាគទាន​របស់លោក ហម ឆា​លី ដែល​បាន​សរសេរ​អត្ថបទ​នេះ​ទាំងស្រុង​ឡើងវិញ ជា​ភាសា​ខ្មែរ​ទំនើប ដូច​សេចក្តី​នៅ​ខាងក្រោម​នេះ :

នៅ​មហាសករាជ ៩៣៣ ៩​កើត ខែភទ្របទ ថ្ងៃអាទិត្យ នេះ​គឺជា​ពាក្យសម្បថ​យើងទាំងអស់គ្នា ដែល​នៅ​ជា​ភាគ​តម្រួច (​ឯក​, ទោ​, ត្រី​ណិ និង ចត្វា​វិ​) វេលា​សម្បថ​នេះ យើង​សូម​កាត់​ដៃ ថ្វាយ​ជីវិត ដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​របស់​យើង ចំពោះ​ព្រះបាទ​សម្តេចព្រះ​ស្រី​សូរ្យ​វរ្ម័ន យើង​សូម​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​ព្រះ​អគ្គី (​ព្រះ​ភ្លើង​) ព្រះ​រតនវត្ថុ និង​ព្រា​ហ្ម​ណា​ចា​រ្យ​ទាំងអស់ ។ យើង​មិន​គោរព​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ត្រិ​យ៍​ណា​ដទៃទៀត ក្រៅពី​ព្រះអង្គ​ឡើយ ។ យើង​មិន​ក្លាយទៅជា​ខ្មាំងសត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ ។

អំពើ​ទាំងឡាយណា ដែល​កើតចេញពី​សេចក្តី​កតញ្ញូ​ភក្តី ចំពោះ​ព្រះបាទ​ស្រី​សូរ្យ​វ​ម៌​ទេព​នោះ យើង​គប្បី​ខិតខំ​ធ្វើ ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុត ឲ្យ​អស់ពី​សន្តាន​ចិត្ត​យើង មិន​គិត​ស្ងួន (​សំចៃ​) នូវ​ជីវិត​យើង ដោយ​ភក្តីភាព​របស់​យើង​ចំពោះ​ព្រះអង្គ ឥត​រត់​គេចវេស​ពី​សង្គ្រាម​ចម្បាំង​ឡើយ ទោះបី​ពេល​ឥតមាន​ចម្បាំង ។ បើសិនជា​យើង​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​ខ្លួន យើង​នឹង​សូម​ឲ្យ​ការទទួល​ផល​ល្អ នៃ​ភាពស្មោះត្រង់ ចំពោះ​ព្រះមហា​ក្សត្រិយ៍​កើតមាន​ដល់​យើង ។ បើសិនជា​យើង​អាច​បម្រើរាជការ​រហូត​ដល់​អស់​ជីវិត​នុះ យើង​ស្លាប់​ដោយ​ប្រកា​រណាៗ​មួយ គួរ​យើង​ស្លាប់​យ៉ាងនេះ​ដោយ​ភក្តីភាព ។​

ប្រសិន​បើ​ក្នុង​រាជការ​នៃ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព ព្រះអង្គ​មាន​ព្រះរាជបន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយ ព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មាន​ផ្សេងៗ នោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយ ឲ្យ​ដឹង​អស់​ហេតុការណ៍​ពិតៗ ឲ្យ​បាន​ក្បោះក្បាយ តាម​គន្លង​ពាក្យសម្បថ​នៃ​យើង​គ្រប់ៗ​ ប្រាណ ។ ​ ​

បើសិនជា​យើង​មិនបាន​គោរព​តាម​ព្រះ​រាជបញ្ជា ពាក្យសម្បថ​នេះ​ទេ យើង​សូម​ឲ្យ​ព្រះមហា​ក្សត្រិយ៍ ដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគត ដាក់ទណ្ឌកម្ម​ដល់​យើងខ្ញុំ កុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ ។

បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ ខុស​អំពី​ពាក្យសម្បថ​នេះ សូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក ៣២ ជាន់ រហូតដល់​អស់​ព្រះអាទិត្យ និង​ព្រះ​ចន្ទ ។​

បើសិនជា​យើងទាំងអស់គ្នា គោរព​តាម​ព្រះរាជ​បញ្ជា ដោយ​បរិសុទ្ធ តាម​ពាក្យសម្បថ​នេះ សូម​ឲ្យ​ព្រះមហា​ក្សត្រិយ៍​ចេញ​ព្រះរាជ​បញ្ជា ដើម្បី​ឲ្យ​ទូលបង្គំ បាន​នៅ​ថែរក្សា​ការកសាង​បុណ្យ​បារមី​ព្រះអង្គ នៅក្នុង​ព្រះ​នគរ​យើង និង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើង ដោយ​សេចក្តីសុខ ។ ស្វាមី​ភក្តី​របស់​យើង​ចំពោះ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេព ដែល​ព្រះអង្គ​ទ្រង់​បាន​គ្រងរាជ្យ​ពេញលក្ខណៈ តាំងពី​មហាសករាជ ៩២៤ (​ត្រូវ​នឹង​ឆ្នាំ ១០០២ នៃ​គ្រិ​ស្គ​សករាជ​) ។ លទ្ធផល​នៃ​ស្វាមី​ភក្តី​របស់​យើង តាំងពី​លោក​យើង​នេះ រហូតដល់​បរលោក ” ។​

តាមរយៈ​ខ្លឹមសារ​នៃ​អត្ថបទ​សិលាចារឹក យើង​ឃើញ​នូវ​ចរិយា​ធម៌​និង​គុណធម៌​ដ៏​ជ្រាលជ្រៅ​របស់​មន្ត្រី​ខ្មែរ​នា​ស័​យ​អង្គរ គួរ​ជាទី​កោត​ស​សើរ​ក្រៃលែង ជាពិសេស​ក្នុងខណៈដែល​ប្រទេស​ខ្មែរ កំពុង​ប្រឈមមុខ​នឹង​ភាព​បះបោរ​មួយចំនួន​ក្នុង​ចក្រភព​កម្ពុជទេស ។ ដូចនេះ​មូលហេតុ​នៃ​សិលាចារឹក​នេះ គឺជា​ការបញ្ជាក់​ភក្តីភាព របស់​សព្វ​នាម៉ឺន​មន្ត្រី​ចំពោះ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ដែល​កំពុង​ដឹកនាំ​ប្រទេសជាតិ​ក្នុងសម័យ​នោះ ។​

ទាក់ទិន​ករណី​ពាក្យសម្បថ​នេះ បើតាម​ការបញ្ជាក់​អះអាង​ពី​សិលាចារឹក​ភាគ​សរសេរ​ជា​ភាសាសំស្ក្រឹត (Ka 18) បាន​ឲ្យ​ដឹងថា មានការ​បង្ក្រាប​សហគម​ន៍​មន រស់នៅ​ម្តុំ​ល្វ​បុរី ដែល​បាន​បង្កហេតុ​ការណ៍​ជា​អវិជ្ជមាន​ដល់​អាជ្ញាធរ​ខ្មែរ នា​ជំនាន់​នោះ ។ ទីក្រុង​មន​ខាងលើនេះ​ត្រូវ​ដុតបំផ្លាញ ប៉ុន្តែ​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ក្រោយពី​យុទ្ធនា​ការបង្ក្រាប​និង​លុបបំបាត់​រាល់​អំពើ​បះបោរ ទ្រង់​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​សាងសង់ ទីក្រុង​ល្វ​ដូចដើម​ឡើងវិញ ។ ហើយ​បន្ទាប់មក សណ្តាប់ធ្នាប់​និង​ភាពរុងរឿង នៃ​ទីក្រុង​ខាងលើនេះ ក៏បាន​កើតមានឡើង ។​

គួរ​រំលឹក​ផងដែរ​ថា ចំពោះ​ប្រមុខ​ដឹកនាំ​នា​សម័យ​នោះ ការយល់ដឹង​អំពី​កាតព្វកិច្ច​របស់​មន្ត្រីរាជកា​រ​គ្រប់រូប ក្នុងការ​ចូលរួម​អនុវត្ត​ក្រិត​ក្រម​ច្បាប់ របស់​រដ្ឋ ជាពិសេស​ស្វាមី​ភក្តី​ចំពោះ​ប្រទេសជាតិ ដែល​តាមពិតទៅ​ត្រូវបាន​ផ្តើមឡើង មុន​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ទៅទៀត គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេចក្តីសុខ​សាន ថ្លៃថ្នូរ និង​រុងរឿង​ក្នុងសង្គម​ជាតិខ្មែរ ។ ហើយ​វឌ្ឍនភាព ត្រូវ​ផ្តើមចេញពី​ភក្តីភាព ដែលជា​គុណសម្បត្តិ​ដ៏​ឧ​ត្ត​ម​ឧ​ត្តុ​ង្គ និង​ជា​ប្រភព​នៃ​ឯកភាព​ជាតិ​ជា​ធ្លុង​មួយ​ជុំវិញ​ប្រមុខ​រាជរដ្ឋាភិបាល ពិតជា​នឹង​កើត​ឡើងជា​ស្ថាពរ​ពុំខាន ៕ (​ម​.​ត្រា​ណេ​)

ពី http://www.cen.com.kh

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: