សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

សិល្បៈ វប្បធម៌ ប្រពៃណី

Posted by phearykh ​នៅ ខែកក្កដា 16, 2008

វត្ត​ភ្នំ​​រមណីយដ្ឋាន​ ប្រវត្តិសាស្ត្រ​របស់​កម្ពុជា

រាជពង្សាវតា​ខ្លះ​​បាន​និទាន​ពី​ប្រវត្តិសាស្ត្រ​នៃ​ក្រុង​ភ្នំពេញ​ដោយ​មាន​សេចក្ដី​សម្រួល​ដូច​ត​ទៅ៖

ក្នុង​កាល​ដែល​កន្លង​យូរ​ទៅ​ហើយ ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​អ្នក​​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ ដែល​អ្នក​ផង​ហៅ​ថា​ ដូន​ពេញ។ ផ្ទះ​គាត់​តាំង​នៅ​លើ​ទួល​ខ្ពស់​មួយ ​នៅ​លើ​​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ច្រាប​ឈាម​ (ទន្លេ​ចតុមុខ​សព្វថ្ងៃ)។

នា​សម័យ​ថ្ងៃ​មួយ​ ក្នុង​រដូវវស្សា​មាន​​ទឹក​ជំនន់​នៅ​ប្រទេស​លាវ​​យ៉ាង​ធំ​ បណ្ដាល​​​ឲ្យ​បាក់​ច្រាំង​ រលំ​ដើម​គគីរ​ជា​ច្រើន​ ហើយ​អណ្ដែត​បណ្ដោយ​ទឹក​តាម​ទន្លេ​មេគង្គ​ រហូត​មក​ដល់​ទន្លេ​ច្រាប​ឈាម។ ក្នុង​ចំណោម​នោះ​ មាន​ដើម​គគីរ​ធំ​មួយ​ បាន​អណ្ដែត​មក​ទើរ​នៅ​ត្រង់​មាត់​កំពង់​របស់​ដូនពេញ។ គាត់​ក៏​បាន​បបួល​ញាតិមិត្ត​ជិត​ខាង​ ជិះ​ទូក​ទៅ​ចង​ដើម​គគីរ​នោះ​ ហើយ​នាំ​គ្នា​យក​មក​លើ​គោក។ កាល​បើ​អ្នក​ទាំង​នោះ​រើ​សំរាម​នៅ​គល់​គគីរ​ ស្រាប់​តែ​ឃើញ​ព្រះពុទ្ធ​រូប​បួន​ព្រះអង្គ​ និង​រូប​បដិមា​ថ្ម​ មាន​លក្ខណៈ​ជា​ព្រាហ្មណ៍​ នៅ​ក្នុង​ប្រហោង​ឈើ​នោះ។ ពួក​អ្នក​ស្រុក​ បាន​ដង្ហែ​រូបមដិមា​ទាំង​នោះ​យក​ទៅ​តម្កល់​ទុក​នៅ​ផ្ទះ​ដូន​ពេញ​ ហើយ​គាត់​បាន​ឲ្យ​គេ​ជញ្ជូន​ដី​ ពូន​ដំបូក​ធំ​ខាង​​ឦសាន​ផ្ទះ​ និង​ឲ្យ​គេ​យក​ឈើ​គគីរ​នោះ​សង់​ព្រះវិហារ​តូច​មួយ​នៅ​លើ​កំពូល​ភ្នំ​នោះ​ហើយ​យក​ព្រះពុទ្ធ​រូប​ទៅ​តម្កល់​នៅ​ក្នុង​​ព្រះវិហារ​នោះ​ នៅ​ក្នុង​ឆ្នាំ​ជូត​ ឆស័ក​ ព.ស​ ១៩១៦​ គ.ស​ ១៣៧២។ ត​មក​ទៀត​ ដូនពេញ​បាន​ឲ្យ​គេ​សង់​ខ្ទម​មួយ​ខាង​ទិស​ឦសាន​ព្រះវិហារ​ រួច​យក​បដិមា​ថ្ម​ទៅ​តម្កល់​ទុក​នៅ​ទី​នោះ​ ហើយ​បាន​សន្មត​ថា​ អ្នក​តា​ព្រះ​ចៅ​ត​រៀង​មក​ (សព្វថ្ងៃ​គេ​ហៅថា​ លោក​តា​ព្រះចៅ)។ ពិធី​បុណ្យ​សម្ពោធ​ក៏​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ ដើម្បី​សម្ពោធ​ពុទ្ធ​សេនាសនៈ​យ៉ាង​​អធិកអធម។ ដោយ​អាស្រ័យ​ហេតុ​នេះ​ ភ្នំ​នោះ​ក៏​មាន​ឈ្មោះ​ហៅថា​ ភ្នំ​​ដូនពេញ​ ហើយ​ដែល​យូរៗ​ទៅ​ក្លាយ​នៅ​ត្រឹម​តែ​ “ភ្នំពេញ” ដូច​យើង​ហៅ​សព្វ​ថ្ងៃ​នេះ។

គួរ​គប្បី​បញ្ជាក់​ថា​ ចំពោះ​រូប​បដិមា​ដែល​​ដូនពេញ​ បាន​រក​ឃើញ​ក្នុង​រន្ធ​ដើម​គគីរ​នោះ​ រាជពង្សាវតា​ និង​អត្ថបទ​ចម្លង​តៗ​មក​ទៀត​ និយាយ​មិន​ស្រប​គ្នា​សោះ​ខ្លះ​ថា​ មាន​ព្រះពុទ្ធ​បដិមា​បួន​ព្រះអង្គ​ ធ្វើ​ពី​លង្ហិន​ និង​បដិមា​ថ្ម​កាន់​ស័ង្ខ​ និង​គទា​ (ព្រះនារាយណ៍?) (២) ខ្លះ​ថា​ មាន​ព្រះពុទ្ធ​រូប​ពីរ​ព្រះ​អង្គ​ មាន​​ព្រះភ័ក្ត្រ​ឈម​ជា​៤​ទិស​ (៣)​ ខ្លះ​ទៀត​ថា​ មាន​ព្រះពុទ្ធ​រូប​សំរឹទ្ធ​មួយ​ព្រះអង្គ​ មាន​ព្រះភ័ក្រ្ត​បួន​ តាំង​សមាធិ​ និង​រូប​សិលា​មួយ​ ដៃ​កាន់​ស័ង្ខ​មាន​ផ្នូង​សក់​ដូច​ជា​ពួក​ព្រាហ្មណ៍​ (៤)។ តែ​បើ​តាម​រូប​តំណាង​ ដែល​មាន​តម្កល់​ក្នុង​ព្រះវិហារ​វត្ត​ភ្នំ​ (ភ្នំ​ដូនពេញ) សព្វថ្ងៃ​ គឺ​ជា​ព្រះពុទ្ធរូប​ប្រក់​នាគ​ ៤ អង្គ​ គង់​លើ​បុស្បុក​ទល់​ព្រះ​ប្រឹស្ឋ​ (ខ្នង)​ នឹង​គ្នា៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: