សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

តើ​ផ្លែ​ម្រះ​អាច​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ?

Posted by phearykh ​នៅ ខែកក្កដា 16, 2008

តើ​ផ្លែ​ម្រះ​អាច​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ?

មាន​ការ​ដំណាល​តៗ​គ្នា​មក​ថា​ ផ្លែ​ម្រះ​ ក្រៅ​ពី​យក​មក​ធ្វើ​ជា​អាហារ​​ដ៏​មាន​ឱជារស​​ឈ្ងុយ​ឆ្ងាញ់​នោះ​ គឺ​គេ​អាច​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​បាន​​ទៀត​ផង។ តួ​យ៉ាង​ដូច​ជា​នៅ​ម្ដុំ​តំបន់​​អាស៊ីអាគ្នេយ៍​ គេ​ប្រើ​ផ្លែ​ម្រះ​សម្រាប់​​ព្យាបាល​រោគ​ផ្ដាសាយ​កម្រិត​ស្រាល​ រហូត​អាច​យក​ទៅ​ព្យាបាល​​ជំងឺ​មហា​រីក​ទៀត​ផង។ ប៉ុន្តែ​នា​ពេល​​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ក៏​មាន​លេច​ឮ​ព័ត៌មាន​​ថា​ ផ្លែ​ម្រះ​ អាច​ព្យាបាល​​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​ផង។ ដូច្នេះ​ តើ​ផ្នែក​​វេជ្ជសាស្ត្រ​មាន​តឹកតាង​អ្វី​យក​មក​បញ្ជាក់​​អះអាង​ថា ​ជា​ការ​ពិត​មែន​ឬ​ទេ?

សូម​ចូរ​តាមដាន​​ការ​បកស្រាយ​របស់​អ្នក​​ស្រី​ ឈើន​ ជីងជី​ អ្នក​ជំនាញ​ខាង​ផ្នែក​​ជីវជាតិ​នៅ​ទី​ក្រុង​ហុងកុង៖

១​- ធាតុផ្សំ​មាន​ប្រសិទ្ធិភាព​ តើ​បញ្ចុះ​ជាតិ​​ស្ករ​បែប​ណា?

នៅ​ក្នុង​ផ្លែ​ម្រះ​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ​ “Polypetidep” ហើយ​ទម្រង់​​នៃ​ការ​ផ្សំ​ធាតុ​តាម​របៀប​គីមី​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​​រស​លំពែង​បេះបិទ។ ដូច្នេះ​វា​អាច​ដើរ​តួ​យ៉ាង​សំខាន់​​សម្រាប់​​បញ្ចុះ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ចំពោះ​សារធាតុ​ម្រះ​ (Charantin) ក្រោយ​ពី​បាន​យក​ទៅ​​ពិសោធន៍​នៅ​ក្នុង​​រាងកាយ​របស់​សត្វ​ ក៏​បង្ហាញ​​ឲ្យ​ឃើញ​ថា​ អាច​​រំញោច​ដល់​លំពែង​ដើម្បី​បញ្ចេញ​រស​លំពែង​សម្រាប់​កែ​លំអ​ជាតិ​ស្ករ។ ដូច្នេះ​តាម​ការ​​ពិនិត្យ​តាមដាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ខណៈ​ពេល​ដែល​ម្រះ​ពុំ​ទាន់​បាន​ផលិត​រស​លំពែង​គ្រប់គ្រាន់​ ទើប​ជាតិ​ស្ករ​​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ឈាម។

២​- ប្រសិទ្ធិភាព​នៃ​សារធាតុ​ផ្សំ​ តើ​មាន​អ្វី​ជាត​តឹកតាង​បញ្ជាក់?

អ្នកស្រី​ ឈើន​ បាន​រៀបរាប់​ប្រាប់​ថា​ កាល​ពី​ឆ្នាំ២០០៦​ ថៃ​ និង​អាមេរិក​បាន​សហការ​គ្នា​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​បែង​ចែក​សត្វ​កណ្ដុរ​ជា​ ៤​ក្រុម​និង​បាន​ចាក់​បញ្ចូល​ទឹក​សេរ៉ូម​​ ព្រម​​ទាំង​ទឹក​ម្រះ​ដែល​មាន​បរិមាណ​ ៣​ប្រភេទ​ខុសៗ​គ្នា។ បួន​ម៉ោង​​ក្រោយ​មក​គេ​រក​ឃើញ​ថា​ សត្វ​កណ្ដុរ​ដែល​បាន​ចាក់​ទឹក​ម្រះ​ គឺ​រស​លំពែង​នៅ​ក្នុង​ខ្លួន​វា​មាន​ការ​កើន​ឡើង​ជា​ទ្វេ​ ម្យ៉ាង​ទៀត​​គេ​ចាក់​សារធាតុ​ផ្សំ​នៃ​ម្រះ​ចូល​ទៅ​ក្នុង​លំពែង​របស់​សត្វ​កណ្ដុរ​ គឺ​ក្នុង​រវាង​ ៥​នាទី​ប៉ុណ្ណោះ​ លំពែង​​បាន​​ផលិត​ចេញ​រស​លំពែង​ច្រើន​គួរសម។ ដូច្នេះ​អាច​បញ្ជាក់​បាន​ថា​ សារធាតុ​ផ្សំ​នៃ​ម្រះ​ គឺ​ពិត​ជា​បាន​ជួយ​កែ​លម្អ​ដល់​បញ្ហា​រស​លំពែង​ពុំ​គ្រប់គ្រាន់។

ឆ្នាំ​ ១៩៩៣​ មាន​ការ​ពិសោធន៍​ទៅ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ចែក​ចេញ​ជា​ ២​ក្រុម។ ក្រុម​ទី​មួយ​​ គឺ​ក្នុង​មួយ​ថ្ងៃ​​ត្រូវ​ផឹក​ទឹក​ម្រះ​ (ម្សៅ​ម្រះ​​ឆុង​ដូច​កាហ្វេ) ចំនួន​ ៣​ដង​ក្នុង​ចំណុះ​ ៥​មិល្លីក្រាម។ រីឯ​ក្រុម​ទី​ពីរ​​ គឺ​ក្នុង​ថ្ងៃ​ត្រូវ​ផឹក​ទឹក​ម្រះ​ (ទឹក​ម្រះ​គាប​ចម្រាញ់) ១០០​ក្រាម​ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ចំណុះ​ ១០០​មិល្លីលីត្រ។ បី​​សប្ដាហ៍​ក្រោយ​មក​គេ​រក​ឃើញ​ថា​ ក្រុម​ទី​ ១​មាន​ជាតិ​ស្ករ​នៅ​ក្នុង​​ឈាម​ត្រូវ​កាត់​បន្ថយ​ ២៥​ភាគរយ​ រីឯ​ក្រុម​ទី​២ ​មាន​អត្រា​កាត់​បន្ថយ​​រហូត​ដល់​ទៅ​ ៥៤​ភាគរយ។​ តាម​ធម្មតា​ ជា​មធ្យម​គឺ​​អាច​​កាត់​បន្ថយ​បាន​ត្រឹម​តែ​​ ១៧​ភាគរយ​​ប៉ុណ្ណោះ។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ ស្រាប់​តែ​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ឃើញ​ថា​ ក្រោយ​ពី​ការ​​ទទួល​ទាន​ផ្លែ​ម្រះ​អស់​រយៈពេល​ ៣​ខែ​រួច​មក​ គឺ​​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​មាន​ការ​​ធ្លាក់​ចុះ​ត្រឹម​តែ​​តិចតួច​ប៉ុណ្ណោះ​គឺ​ ០,២៥​ភាគរយ។

៣​. តើ​ផ្លែ​ម្រះ​មាន​ប្រសិទ្ធភាព​​ដូច​ជា​ឱសថ​មែន​ឬ?

អ្នកស្រី​ ឈើន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ការ​សិក្សា​ស្រាវជ្រាវ​ គឺ​ពុំ​មាន​​ទ្រង់ទ្រាយ​ធំ​ទូលាយ​ឡើយ​ ហើយ​ការ​ទទួល​លទ្ធផល​ខ្លះៗ​ក៏​សុទ្ធ​សឹង​ជា​លទ្ធផល​ដែល​ពិសោធន៍​នៅ​លើ​ខ្លួន​សត្វ​តែ​ប៉ុណ្ណោះ។ រីឯ​ការ​ពិសោធន៍​លើ​រាងកាយ​របស់​មនុស្ស​ គឺ​ទទួល​បាន​​លទ្ធផល​​ស្ដួចស្ដើង។ ម្យ៉ាង​ទៀត​ រាល់​ការ​​ពិសោធន៍​ គឺ​គេ​ច្រើន​តែ​​ប្រើ​របៀប​ចាក់​បញ្ចូល​ក្នុង​សាច់។ ប៉ុន្តែ​ប្រសិន​បើ​គេ​ប្រើ​វិធី​ទទួល​ទាន​ផ្លែ​ម្រះ​ តើ​សារធាតុ​ផ្សំ​អាច​បាត់បង់​ដែរ​ឬ​ទេ​ក្រោយ​ពី​ការ​រំលាយ​អាហារ​រួច​មក? ហើយ​បើ​ប្រើ​វិធី​ចាក់​ តើ​ត្រូវ​​ចាក់​បរិមាណ​ប៉ុន្មាន​ទើប​​​អាច​មាន​ប្រសិទ្ធិភាព? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ពុំ​ទាន់​មាន​ចម្លើយ​ជាក់លាក់​ឡើយ។

បើ​តាម​ការ​អះអាង​បញ្ជាក់​ពី​អ្នក​ស្រី​ ឈើន​ បាន​ឲ្យ​ដឹង​ថា​ “ផ្លែ​ម្រះ​ពុំ​អាច​យក​មក​ជំនួស​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​​ទឹកនោម​បាន​ឡើយ។ ដូច្នេះ​ត្រូវ​ការ​ពេលវេលា​ច្រើន​ទៅ​ទៀត​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​អះអាង”។

៤​. តើ​ការ​ទទួល​ទាន​ផ្លែ​ម្រះ​មាន​ផលប្រយោជន៍​ដែរ​ឬ​ទេ?

ថ្វី​ដ្បិត​តែ​គេ​នៅ​តែ​រក្សា​ទ្រឹស្ដី​នៃ​​ការ​ប្រើប្រាស់​ផ្លែ​ម្រះ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ក្ដី​ ប៉ុន្តែ​ចំពោះ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ការ​កែ​​លម្អ​នៃ​ជាតិ​​ស្ករ​នៅ​ក្នុង​ឈាម​ គឺ​នៅ​តែ​វិជ្ជមាន​ដដែល។ ម្យ៉ាង​​ទៀត​ ដោយសារ​តែ​ផ្លែ​ម្រះ​ដែល​ជា​ប្រភេទ​​បន្លែ​ផ្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ​ល្អិត​ឆ្មារ​ និង​ជីវជាតិ​ “C” នោះ​ ដូច្នេះ​ការ​ទទួល​ទាន​ជា​ញឹកញាប់​គឺ​ពុំ​មាន​បញ្ហា​អ្វី​ចោទ​ឡើង​ឡើយ។

អ្នក​ស្រី​ ឈើន​ បាន​ផ្ដល់​ជា​ដំបូន្មាន​ថា​ “ការ​ជ្រើសរើស​យក​ទឹក​​ម្រះ​ គឺ​មិន​ខុស​ឡើយ​ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា​ ដាច់​ខាត​មិន​ត្រូវ​​បន្ថែម​ស្ករ​ច្រើន​ហួស​ប្រមាណ​ពេក​ទេ។ ពុំ​នោះ​ទេ​បាន​ត្រឹម​តែ​​ស្រូប​យក​កាឡូរី​ក្នុង​បរិមាណ​ច្រើន​​លើស​លប់​ដែល​អាច​បំផ្លាញ​សុខភាព​​វិញ​តែ​​ប៉ុណ្ណោះ”៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: