សំរាប់ទាំងអស់គ្នា

ចំណេះដឹង​ដើម្បីទាំងអស់គ្នា

ព្រះបាទជ័យវរ្ម័នទី៧

Posted by phearykh ​នៅ ខែ​មេសា 10, 2008

ព្រះបាទជ័យវរ្ម័នទី៧
ព្រះរាជវង្សនិង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើង ជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះនាងឥន្រ្ទទេវី។
ព្រះរាជវង្ស
បើតាមការស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George COEDES) ព្រះបាទជ័យវរ្ម័នេទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ ក្នុងគ.ស១១២៥។ ព្រះមាតាព្រះអង្គព្រះនាមជ័យរាជាចូឌាមណី ព្រះបិតាព្រះអង្គព្រះនាមធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីង របស់ព្រះបាទជ័យវរ្ម័នទី៦។ ដូច្នេះយើងឃើញថា តាមរយៈមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្សមហាក្សត្រខ្មែរជំនាន់មុនអង្គរ(ឬក្នុងសម័យនគរហ្វូណន់-ចេនឡា)។ ចំណែកខ្សែស្រឡាយព្រះរាជវង្សឪពុកព្រះអង្គចុះមកពីព្រះសន្នគិវង្សមហិធរបុរៈ។
យុវភាព
តាមរយៈសិលាចារឹកដដែលយើងបាោដឹងថា កាលបីតាព្រះអង្គព្រះបាទធរណិន្រ្ទវរ្ម័នទី២ នៅសោយរាជ្យជាមហាក្សត្រកម្ពុជា ព្រះបាទជ័យរ្ម័នទី៧បានទទួតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គបានព្រះជន្ម២៥ ព្រះវស្សា។ បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ គឺព្រះនាងជ័យរាជទេវី ប្រហែលជាក្នុងគ.ស១១៤៥ ហើយព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធ កូន ដោយក្តិវិយោគ អួលណែនចុកចាប់រៀងរាល់ថែ្ង ពុំដែលមានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះ ត្រូវបានព្រះនាងឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សរសេរវិញជាភួងកំនាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។ ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា៖ ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី ប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមីគឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្តេចចាមប្រៀបបាននឹងក្រុរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្រ្គាមនឹងខ្មាំង ព្រះនាងជ័យរាជទេវីបានចូលទៅកាន់សីល កាន់ត្រណម គោរពទៅតាមក្បួនប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។ព្រះនាងតែងតែខិតខំសិក្សាស្វាធ្យាយធ៌ម បួងសួងបន់ស្រន់ សុំឲព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះឈ្នះអស់លើសត្រូវ។ ព្រះនាងមានរូបកាយស្គាំងស្គម ហើយមិនយកព្រះទ័យទុកដាក់នឹងព្រះកេសាព្រះនាងឡើយ។ កាលណាបើនឹកឃើញដល់ព្រះស្វាមីម្តងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជ័យរាជទេវី នៅតែស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច។
ជីវិតតស៊ូព្យាយាមរង់ចាំ

ជីវិតតស៊ូព្យាយាមរង់ចាំ
នៅគ.ស១១៦០ព្រះបាទជ័យវរ្ម័នទី៧ កំពុងធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពចាមនៅមុខក្រុមពិជ័យ។ គ្រានោះព្រះអង្គបានទទួលដំណឹងថាបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ ព្រះនៅតែបន្តធ្វើសង្គ្រាមវាយបប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើមហាក្សត្រថ្មី ដោយគ្មានវៀចវេរ។ នៅពេលដែលព្រះអង្គទទួលដំណឹងថា នៅព្រះរាជធានីមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងត្រលប់ចូលមកនគរវិញ ដើម្បីជួយជ្រោមជ្រែងព្រះរាជា។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ។ ព្រះបាទយសោវរ្ម័នត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្រ្ទកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។ ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីរាជាភិសេក ហើយប្រកាសខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។ កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹងស្តេចជ្រែករាជ្យ ដើម្បីដណ្តើមរាជ្យបល័្លង្គមកវិញទេ។ព្រះនឹងនៅស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិត អារម្មណ៍ឲផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅប្រាសាទព្រះខ័ន្ធ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រាវសិក្សាពិចារណាផ្លូវចំរើន រង់ចាំឳកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ធផលនៃការតស៊ូ
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយៈពេល១៧ឆ្នាំ (គ.ស១១៦០-១១៧៧) ទើបឳកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជា និងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យ បានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំ ទើបទទួលបានលទ្ធផលល្អ។ នៅគ.ស១១៨១ ព្រះអង្គបានតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម ហើយព្រះអង្គបានប្រកាសជាមហាក្សត្រនគរកម្ពុជា ហើយទទួលរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧ បានព្រះជន្មប្រហែលជាជាង៥០ព្រះវស្សា។ចំណែកខាងអគ្គមហេសីជ័យរាជទេវី ព្រះអង្គវិញ ដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនត្រ័យ ដែលបានជ័យព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត។
ក្រោយពីព្រះរាជអគ្គមហេសី ជ័យទេវីចូលទីវង្គត ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ អភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភឺ្លថ្លាមោះមុត ឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្ត មានធ៌មមេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី ដែលជាមហេសីព្រះបាទជ័យវរ្ម័នទី៧ សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ធឳវាទ។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ធសាសនាមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើន សុទ្ធតែមានជំនឿ ជឿនិង ធ្វើសក្ការៈបូជាថ្វាយចំពោះព្ឬះពុទ្ធសាសនា។បុត្រព្រះអង្គព្រះនាមតមលិន្ទ បានបួសជាសង្ឃ ហើយបានទៅបន្តការសិក្សានៅកោះសិរីលង្កា។បុត្រមួយព្រះអង្គទៀត ព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្ម នៅប្រាសាទព្រះខ័ណ្ឌ។
កិត្យានុភាព
ព្រះបាទជ័យវរ្ម័នទី៧ ដោយសាការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថា ជាជោគជ័យផ្ទាល់ខ្លួន។ តែព្រះអង្គបានយកជោគជ័យនេះ ព្រមទាំងឥទ្ធិពលអំនាច ការចេះដឹង បទពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ ផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សន្តិភាព វឌ្ឍនភាព ដល់ប្រជានុរាស្ត្រ ដោយគ្មានរើសអើងវណ្ណៈ។ ការកសាងរបស់ព្រះអង្គមិនមែនតែប្រាងប្រាសាទដ៏ធំស្កឹមស្កៃនោះទេ ព្រះអង្គបានកសាងទំនុកបំរុងសាសនា ក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ។ក្នុងរជ្ជកាលព្រះអង្គ នគរចាម្ប៉ាបានក្លាយជាអាណាខេត្តខ័ណ្ឌខ្មែរ។ ទឹកដីខ្មេរក៏បានលាតសន្ធឹងវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរនៅក្នុងអាស៊ីអាគ្នេយ៍។ ចក្រភពខ្មែរក្នុងរាជ្យជ័យវរ្ម័នទី៧ មានចាម្ប៉ា បច្ចុប្បន្នលាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាឡេស៊ី។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានចូលទីវង្គតក្នុងគ.ស១២០២។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: